(ក្រុងឡុងដ៍)៖ ការប្រកួតប្រជែងលីគអង់គ្លេស Premier League 2020-2021 បាននឹងខិតជិតដល់ពេលបញ្ចប់ហើយ ដោយគិតត្រឹមសប្តាហ៍ទី២៨ នៃការស្វែងរក ៣ពិន្ទុរវាងក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមភ្ញៀវ Tottenham Hotspur ២-១ ខណៈកីឡាករខ្សែបម្រើប្រយុទ្ធ Eric Lamela បានបង្ហាញបចេ្ចកទេសស៊ុត ១គ្រាប់បានយ៉ាងល្អ មិនធ្លាប់មានក្នុងរដូវកាលនេះនាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។
Lamela កីឡាករអន្តរជាតិសញ្ជាតិអាហ្សង់ទីន បានប្តូរចូលជំនួសមិត្តរួមក្រុម Son Heung-min ដែលជួបបញ្ហារបួសសrសៃពួជើងឆ្វេងត្រឹមនាទី១៩ នៅមុនពេលខ្សែបម្រើរូបនេះរកបានគ្រាប់នាំមុខឲ្យ Tottenham នៅនាទី៣៣ ពីការប្រើចង្វាក់ស៊ុតបាល់យ៉ាងល្អ នៅមុនពេលរូបគេក៏បានត្រូវបណ្តេញចេញពីលាន ក្រោយទទួលបានកាតក្រហមនៅនាទី៧៦ ក្រោយពេល Arsenal តាមស្មើនៅនាទី៤៤ ដោយ Odegaard និងការស៊ុតបាល់ពិន័យ ១១ម៉ែត្របានសម្រេចពី Lacezette នៅនាទី៦៤។
គិតត្រឹមពេលនេះក្រុមដែលដឹកនាំដោយលោក Mikel Arteta រកបាន ៤១ពិន្ទុឈរលេខរៀងទី១០ គ្រាដែលមាន់ខ្នាយមាសរបស់លោក Jose Mourinho បន្តមាន ៤៥ពិន្ទុឈរត្រឹមលេខរៀងទី៧ ក្នុងតារាងចំណាត់ថ្នាក់បណ្តោះអាសន្ននៃការប្រកួតជើងទី២ នេះ៕