(កូរ៉េ)៖ ក្រុមចម្រៀង K-POP បុរស HINee បានប្រកាសរៀបចំការប្រគំតន្ត្រីអនឡាញជាលើកដំបូងនៅខែក្រោយនេះ ដើម្បីស្វាគមន៍អ្នកគាំទ្រក្នុងការត្រឡប់មកវិថីសិល្បៈឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់រយៈពេល២ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Korea Harald នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

ផលិតកម្ម SM បានឲ្យដឹងថា ការប្រគំតន្ត្រីនោះមានឈ្មោះថា «SHINee World» ដែលនឹងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ តាមរយៈ V Live និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Naver ជាដើម។ ការប្រគំតន្រ្តីអនឡាញនេះ នឹងក្លាយជាព្រឹត្តិការណ៍ solo Concert លើកដំបូងបង្អស់ សម្តែងដោយសមាជិក៤នាក់នេះ ចាប់តាំងពីការសម្តែងរបស់ពួកគេ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ នៅប្រទេសជប៉ុន។

គួរជម្រាបថា ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅឆ្នាំ២០០៨ SHINee បានបញ្ចេញស្នាដៃជាច្រើនដែលទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជនដូចជាបទ «Sherlock», «View», «Ring Ding Dong» ជាដើម។ តាមរយៈស្នាដៃនេះ មិនត្រឹមតែល្បីនិងមានប្រជាប្រិយភាពក្នុងនៅតំបន់អាស៉ីប៉ុណ្ណោះទេ គឺថែមទាំងល្បីនៅអាមេរិក និងអឺរ៉ុបផងដែរ៕