(ភ្នំពេញ)៖ ក្លិបសូលទីឡូអង្គរ បានសម្រេចតែងតាំងលោក Darren Pomroy (Charlie) គឺជាគ្រូបង្គោលម្ដងទៀតហើយ ដើម្បីដឹកនាំក្រុមនារដូវកាលក្រោយ បន្ទាប់ពីគ្រូបង្វឹកកម្រិត UEFA A-License នេះ ធ្លាប់ដឹកនាំក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះកាលពី២០១៨។

ជាមួយការត្រឡប់មកកាន់តំណែងគ្រូបង្វឹកក្រុមដែលមានលោក Kiesuke Honda ជាប្រធានក្លិបនេះ លោក Charlie បានសម្ដែងការពេញចិត្ត និងរីករាយជាខ្លាំង ក្រោយចាកចេញមួយរយៈពេលធំ។ លោកថា «ខ្ញុំពិតជារីករាយក្រៃលែងក្នុងការត្រឡប់មកកាន់សូលទីឡូអង្គរវិញ បេះដូងខ្ញុំនៅតែផ្សាផ្ជាប់នឹងក្លិបជារៀងរហូត»

លោកបានបន្ដថា «ខ្ញុំចង់អរគុណទៅកាន់លោក Kento សម្រាប់ការងារដែលលោកបានធ្វើ និងបណ្ដុះបណ្តាលដល់ក្លិបនេះមករហូត។ ក្លិបនេះមានកីឡាករវ័យក្មេងជាច្រើន ដែលមានសមត្ថភាព និងសុពលភាពក្នុងការយកជ័យជម្នះ។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បីជួយពួកគេឲ្យជោគជ័យ ឆ្ពោះទៅគោលដៅដែលយើងរំពឹងទុក»

គួរបញ្ជាក់ថា កាលពីរដូវកាលឆ្នាំ២០២០ កន្លងទៅ សូលទីឡូអង្គរ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ១២ ក្រោយឆ្លងកាត់ ១៨ប្រកួត ឈ្នះ៣ ស្មើ២ និងចាញ់១៣ រកបាន ១១ពិន្ទុ៕