(តូរីន)៖ ក្នុងកិច្ចប្រជុំដែលត្រូវបានធ្វើឡើងតាមរយៈ Videoconference នាថ្ងៃពុធម្សិលមិញនេះ បានដាក់ចេញនូវកាលបរិច្ឆេទត្រឹមថ្ងៃទី១៣ ខែមិថុនា ជាថ្ងៃវិលវិញនៃការប្រកួត Serie A តែត្រូវទទួលការអនុញ្ញាតពីប្រទេសអ៊ីតាលីផងដែរ។

បណ្តាកីឡាករនៃក្លិបនីមួយៗនៅលីគកំពូលអ៊ីតាលីបានវិលចូលទីលានហ្វឹកហាត់វិញហើយកាលពីដើមខែឧសភានេះ តែហ្វឹកហាត់ដាច់ដោយឡែកពីគ្នាជាក្រុមតូចៗនៅឡើយ និងរំពឹងថាអាចធ្វើការហាត់ជាក្រុមធំវិញបាននៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

លីគកំពូលអ៊ីតាលី Serie A ត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០៩ ខែមីនាមក ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ទូទាំងសកលលោក ដោយនៅសល់ ១២ប្រកួតទៀតបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ដែលធ្វើឲ្យកីឡាករបាល់ទាត់មួយចំនួនបានឆ្លងជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះដែរ រួមទាំងកីឡាករនៃក្លិប Juventus, Atalanta, Torino, Samdopria និង Fiorentina ជាដើម៕