Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាក្បាច់រាំរបស់ តន់ ចន្ទសីម៉ា ក្នុងបទដែលកំពុងផ្ទុះការគាំទ្រខ្លាំង គឺបទ «ឡានសារ៉ែន» ឡូយមិនធម្មតា!

14-02-2020 14:25

(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេង ដែលកំពុងឡើងកូដខ្លាំង ក្នុងផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា គេសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ កាន់តែឆក់បានប្រជាប្រិយភាព និងការគាំទ្រពីទស្សនិកជន ច្រើនឡើងពីមួយថ្ងៃទៅមួយ តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទរបស់នាង មានទាំងបទមនោ​សញ្ចេតនា រាំវង់ ​ជាពិសេសនោះ គឺបទចម្រៀងដែលកំពុងពេញនិយមរបស់នាងតែម្ដង គឺបទ «ឡានសារ៉ែន»។ យ៉ាងណាមិញ ក្រោយពីបញ្ចេញនូវបទចម្រៀង «ឡានសារ៉ែន» នឹងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីហើយនោះ ពេលនេះ តន់ ចន្ទសីម៉ា បានបញ្ចេញនូវក្បាច់រាំក្នុងចម្រៀងមួយនេះ ឃើញថាមានភាពរស់រវើក ព្រមទាំងមានក្បាច់រាំប្លែក និងឡូយតែម្ដង ធ្វើឲ្យអ្នកបានទស្សនាហើយ គឺចង់រាំតាមតែម្ដង។

ជាការពិតណាស់ កាលពីថ្មីៗនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញនូវវីដេអូ បង្ហាញពីក្បាច់រាំដែលជា Dance Version1 របស់តារាចម្រៀងកញ្ញា តន់ ចន្ទសីម៉ា ក្នុងបទចម្រៀងដែលកំពុងផ្ទុះខ្លាំងនាដើមឆ្នាំ២០២០នេះ គឺបទ «ឡានសារ៉ែន»។ តាមរយៈក្បាច់រាំក្នុងចម្រៀងមួយនេះ គេចាប់អារម្មណ៍ខ្លាំង និងមានការកោតសរសើរខ្លាំង ទៅលើតារាចម្រៀងស្រីវ័យក្មេង សម្រស់ស្រស់ផូរផង់ កញ្ញា តន់ ចន្ទសីម៉ា ខ្លាំង ព្រោះសព្វមួយដង គេធ្លាប់តែឃើញស្រីស្អាតរូបនេះ ច្រៀងនិងសម្ដែងប៉ុណ្ណោះ មិននឹកស្មានថា នាងមានទេពកោសល្យរាំ បានយ៉ាងស្អាត និងរស់រវើកបែបនេះសោះ។

យ៉ាងណាមិញ មិនត្រឹមតែមានក្បាច់រាំឡូយប្លែកនោះទេ ស្ទាយស្លៀកពាក់ក្នុងវីដេអូបទ «ឡានសារ៉ែន» មួយនេះ ក៏ប្លែក និងមានភាពទាក់ទាញ បូករួមនឹងកាយវិការរាំ លាយឡំទឹកមុខក្រម៉ិចក្រមើម របស់តន់ ចន្ទសីម៉ា ឃើញហើយរឹតតែគួរឲ្យចង់ទស្សនាខ្លាំងថែមទៀត។

ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនា នូវវីដេអូក្បាច់រាំ របស់តារាចម្រៀង តន់ ចន្ទសីម៉ា ក្នុងបទចម្រៀង«ឡានសារ៉ែន» ទាំងអស់គ្នា៖