(ភ្នំពេញ)៖ ក្រោយបង្ហាញរូបថត Pre Wedding មុនពេលរៀបការមិនទាន់បានប៉ុន្មានផង ពេលនេះតារាសម្ដែងស្រីរាងតូចច្រឡឹង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានទម្លាយពីថ្ងៃចូលរោងការបញ្ចប់ជីវិតនៅលីវ ជាមួយនឹងអនាគតស្វាមី គឺលោក ប៉ុល វិបូ ខណៈសល់ពេលប៉ុន្មានខែទៀតទេ ស្រីស្អាតរូបនេះ នឹងត្រូវចូលរោងការ ពោលគឺនៅពាក់កណ្ដាលខែមិនា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ ក្រោយពីអ្នកទាំងពីរ បានស្វែងយល់ចិត្តថ្លើមគ្នា អស់រយៈពេលជាច្រើនឆ្នាំ។
ជាការពិតណាស់ ទើបតែទម្លាយរូបថត Pre Wedding ប៉ុន្មានថ្ងៃមុនសោះ ស្រាប់តែពេលនេះ តារាសម្ដែងស្រីមានប្រជាប្រិយភាព កញ្ញា តូតា និងលោក ប៉ុល វិបូ ដែលជាអនាគតស្វាមី នឹងកាន់ដៃគ្នា ចូលរោងជ័យនៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ២០២០ នេះ។ ព្រមជាមួយនឹងការបង្ហើបឲ្យដឹងពីថ្ងៃរៀបការស្រីស្អាត តូតា ក៏បានទម្លាយនូវវីដេអូមួយ បង្ហាញពីទិដ្ឋភាព Pre-Wedding របស់ពួកគេ កាន់តែផ្អែមល្ហែមរ៉ូមែនទិក កៀកកើយគ្នាយ៉ាងស្អិតរមួត គួរឱ្យទាក់ទាញទ្វេដង។
តាមរយៈវីដេអូ ដ៏រ៉ូមែនទិក ជាមួយនឹងការទម្លាយថ្ងៃចូលរោងការ របស់តារាសម្ដែង កញ្ញា ម៉ាក សែនសូនីតា និងអនាគតស្វាមី កំពុងទទួលបានការសាទរ និងសារជូនពរ យ៉ាងច្រើនពីសំណាក់មិត្តៗដែលជាសិល្បករ-សិល្បការនី និងបងប្អូនទស្សនិកជន ជាពិសេសនោះ គឺអ្នកគាំទ្រនាងតែម្ដង។
យ៉ាងណាមិញ មុននឹងឈានដល់ថ្ងៃមង្គលរបស់កញ្ញា តូតា និងលោក ប៉ុល វិបូ សូមមកទស្សនាវីដេអូ Pre-Wedding ដ៏មានន័យរបស់គូស្នេហ៍មួយគូនេះ ដូចខាងក្រោម៖