(ភ្នំពេញ)៖ កីឡាករខ្សែការពារកណ្ដាល សុខ សុវណ្ណ បានត្រឡប់ទៅក្លឹបភ្នំពេញក្រោន ដែលជាទ្រនំចាស់របស់ខ្លួនវិញហើយ ក្រោមលក្ខខណ្ឌខ្ចីជើងពីក្លឹបបាល់ទាត់វិសាខាចាប់ពីពាក់កណ្ដាលរដូវកាលនេះតទៅ។ នេះបើតាមការជូនដំណឹងរបស់អតីតក្លឹបជើងឯកលីគ ៦សម័យកាលកាលពីល្ងាចមិញ។
ភ្នំពេញក្រោន បានជូនដំណឹងថា «សូមស្វាគមន៍នូវការវិលត្រឡប់សារជាថ្មីរបស់ខ្សែការពារកណ្តាល សុខ សុវណ្ណ ក្រោមកិច្ចសន្យាខ្ចីជើងពាក់កណ្តាលរដូវកាលពីក្លឹបវិសាខា»។ លើសពីនេះ ក្លឹបក៏សង្ឃឹមថា វត្តមានរបស់ សុវណ្ណ នឹងរួមចំណែកជួយមិត្តរួមក្រុមបានច្រើន នាជើងទី២ ក្នុងការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ផងដែរ។
គួរដឹងថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ ធ្លាប់បានចំណាយពេល ៦រដូវកាល លើទឹកដី RSN កាលពីឆ្នាំ២០០៦-២០១២ មុនផ្ទេរទៅក្លឹបបឹងកេត ពីឆ្នាំ២០១៣-២០១៨ ហើយបន្ដផ្លាស់ទៅក្លឹបវិសាខា។ មិនតែប៉ុណ្ណោះ សុវណ្ណ ក៏ធ្លាប់រួមចំណែកជួយភ្នំពេញក្រោន លើកពានលីគចំនួន ២លើក (ឆ្នាំ២០១០ និងឆ្នាំ២០១១) និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩ ទៀតផង។
ប៉ុន្ដែក្រោយផ្ទេរពីក្លឹបបឹងកេត ទៅវិសាខា នៅពាក់កណ្ដាលរដូវកាលឆ្នាំ២០១៨ រហូតដល់ជិតចប់ជើងទី១ ឆ្នាំ២០១៩ សុវណ្ណ ពុំសូវបានបង្ហាញវត្តមានលើទីលានប៉ុន្មានទេ។ សូម្បីឱកាសជាប់ជម្រើសជាតិក៏ត្រូវបានខកខានជាយូរដែរ តាំងពីគេរបួសពេលនៅជាមួយបឹងកេតម្ល៉េះ។ យ៉ាងណាមិញ អ្នកគាំទ្រនៅតែរំពឹងថា សុវណ្ណ នឹងធ្វើបានល្អ ហើយមានឱកាសជាប់ជម្រើសជាតិវិញ ក្រោយត្រឡប់ទៅទ្រនំចាស់របស់ខ្លួន៕