(នីការ៉ាហ្គ័រ)៖ កូនសត្វខ្លាពណ៌សចំនួន ២ក្បាល ដែលគេបរិច្ចាគពីសួនសត្វប្រទេសមិកស៊ីក នៅទីបំផុតពេលនេះគេបានបញ្ចូនវា​មកដាក់នៅឯសួនសត្វជាតិនៅប្រទេសនីការ៉ាហ្គ័រហើយ បន្ទាប់ពីសត្វដ៏កម្រទាំងនេះ កើតបាន ៥ខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

សត្វខ្លាភ្លោះ ២ក្បាល ត្រូវបានគេដាក់ឈ្មោះថា Osman និង Halime។ ប្រភេទសត្វខ្លា និងសត្វសិង្ហពណ៌ស សុទ្ធតែជាប្រភេទសត្វដ៏កម្រ ដែលមានចំនួនតែជាង ២០០ ទៅ ៣០០ក្បាលតែប៉ុណ្ណោះនៅទូទាំងពិភពលោក។ អង្គការសត្វព្រៃពិភពលោក​បានប៉ាន់ស្មានថា ចំនួនសត្វខ្លាព្រៃបានធ្លាក់ចុះពី ១០០ ០០០ក្បាលក្នុងឆ្នាំ១៩០០ មកនៅប្រហែល ៣៩០០ក្បាល ក្នុងពេលបច្ចុប្បន្ននេះ។ អង្គការ WWF និយាយថា តួលេខនេះ បានកើនឡើងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រភេទសត្វថ្នាក់ពិសេសនៅតែងាយរងគ្រោះពីការផុតពូជនៅឡើយ។

ការទទួលយក Osman និង Halime មកដាក់នៅសួនសត្វជាតិនីការ៉ាហ្គ័រ ត្រូវបានឧបត្ថម្ភដោយសហគ្រិនក្នុងស្រុកម្នាក់ ដែលទទួលបាននូវការថែទាំសុខភាពស្បៀងអាហារ និងការថែទាំសត្វ៕