(បរទេស)៖ យោងទៅតាមការអះអាងរបស់មន្រ្ដីផ្នែកទេសចរណ៍នៃប្រទេសនេប៉ាល់ បានឲ្យដឹងថា អ្នកឡើងភ្នំជនជាតិអាមេរិកម្នាក់បានស្លាប់ កាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ បន្ទាប់ពីរូបគេបានចុះពីភ្នំ Qomolangma ដែលត្រួវបានគេស្គាល់ថាជា ភ្នំអេវើរេស ធ្វើឲ្យចំនួនអ្នកស្លាប់​នៃការឡើងភ្នំខ្ពស់បំផុតនៅឆ្នាំនេះ កើនឡើងដល់១១ នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩។

មេធាវីជនជាតិអាមេរិក អាយុ ៦១ឆ្នាំ លោក Christopher John Kulish បានស្លាប់នៅលើភ្នំនៃប្រទេសនេប៉ាល់ បន្ទាប់ពីបានឡើងភ្នំកម្ពស់ ៨៨៥០ម៉ែត្រ នៅពេលព្រឹក ហើយបានចុះពីកំពូលភ្នំមកវិញ នៅតាមបណ្ដោយផ្លូវ South Col។ យោងទៅតាមមន្ដ្រីប្រទេសនេប៉ាល់ បានឲ្យដឹងថា គេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៃការស្លាប់ភ្លាមៗនេះ នៅឡើយទេ។

យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ផ្ទាំងទឹកកក ព្យុះទឹកកក ឬខ្យល់បកខ្លាំង ការអស់កម្លាំង និងភាពហត់នឿយ សុទ្ធតែត្រូវបានគេសន្និដ្ឋានថា ទំនងជាមូលហេតុដែលធ្វើឲ្យអ្នកឡើងភ្នំទាំងនោះ ស្លាប់បាត់បង់ជីវិតនៅលើភ្នំអេវើរេស នៅឆ្នាំនេះ។ ហើយក្រៅពីនោះ ក៏អាចបណ្ដាលមកពីការពន្យារពេល (ការកកស្ទះចរាចរណ៍) ដោយសារតែផ្លូវ មានមនុស្សច្រើនទាំងទៅ និងមកពីកំពូលភ្នំអេវើរេស។

ការកកស្ទះចរាចរណ៍ គឺជាពាក្យសំដីរបស់អ្នករួមដំណើរដែលទើបតែបានឡើងទៅដល់កំពូលភ្នំខ្ពស់បំផុតនេះ កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ ដោយបានរៀបរាប់អំពីកន្លែងកើតហេតុដល់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយមានមនុស្ស ៣០នាក់បានឡើងដល់កំពូលក្នុងពេលតែមួយ។

ក្នុងចំណោមជនរងគ្រោះទាំង ១១នាក់ មាន ៩នាក់បានស្លាប់ នៅខាងផ្នែកនៃប្រទេសនេប៉ាល់ និង២នាក់ទៀត នៅខាងផ្នែកនៃប្រទេសចិន។

សូមជម្រាបថា ភ្នំអេវើរ៉េស ស្ថិតនៅប្រទេសនេប៉ាល់ តាមបណ្តោយព្រំដែននេប៉ាល់-ចិន។ អេវើរ៉េស ជាប់ចំណាត់ថ្នាក់ ទី១ ក្នុងចំណោមភ្នំដែលមានកម្ពស់ ខ្ពស់ជាងគេក្នុងពិភពលោក គឺមានកម្ពស់ប្រមាណ ៨៨៤៨ម៉ែត្រ ហើយមានមនុស្សជាច្រើនបានឡើងភ្នំអេវើរេស ដើម្បីដោតទង់ជាតិប្រទេសរបស់ខ្លួនជាច្រើន ហើយក្នុងនោះ មានអ្នកខ្លះជោគជ័យ អ្នក ខ្លះទៀតស្លាប់ដោយសារខ្សោះកម្លាំង និងមិនអាចស៊ូទ្រាំនឹងអាកាសធាតុត្រជាក់បាន៕