(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនីរាងតូចច្រឡឹង ណូម័រ បានសម្រេចលាភាពនៅលីវ ត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ហើយ ដែលព្រមទទួលយកបុរសសង្ហារ វីជេ សុភា ជាម្ចាស់បេះដូង មើលថែថ្នាក់ថ្នមបំពេពេញមួយជីវិត។ យ៉ាងណាមិញ ងាកមកពិធីមង្គលការរបស់នាង ជាមួយស្វាមី កាលពីរាត្រីថ្ងៃទី២៨ វិញ គឺត្រូវបានគេសង្កេតឃើញថា មានការផ្តល់កិត្តិយសចូលរួមពីសំណាក់ សិល្បករ-សិល្បការិនីល្បីៗជាច្រើនរូប រួមជាមួយនឹងសាច់ញាតិទាំងសងខាង ខណៈម្នាក់ៗគឺមើលទៅពោរពេញដោយភាពសប្បាយរីករាយ ញញឹមបិទមាត់មិនជិតតែម្តង ដើម្បីសាទរកូនក្រមុំកំលោះថ្មីថ្មោង។
ជាការកត់សម្គាល់ បន្ទាប់ពីស្វែងយល់ចិត្តថ្លើមគ្នា អស់រយៈពេលជាង២ឆ្នាំហើយនោះ អ្នកនាង ណូម័រ និងលោក វីជេ សុភា បានសម្រេចដឹកដៃគ្នាចូលរោងការ ដោយមានការដឹងឮពីចាស់ទុំទាំងសងខាង រៀបចំពិធីមង្គលតាមគន្លងប្រពៃណីខ្មែរ យ៉ាងសប្បាយរីករាយ។ ឈានដល់ពិធីទទួលភ្ញៀវកិត្តិយស និងរាត្រីដ៏សែនរីករាយនោះ គេសង្កេតឃើញថាមានសិល្បៈរៀមច្បង និងអ្នករួមអាជីពផ្សេងទៀតចូលរួមជាច្រើនដូចជា៖ អ្នកនាង ខៀវ សានសាណ, អ្នកនាង អយ, លោក សាន ផានិត, លោក ប៉ែន ចំរុង, លោក វែជេ ដាដា, លោក សៅ ឧត្តម, លោក គូម៉ា, លោក នាង វ៉ាងសាន់, លោក មាស សុខរតនៈ, កញ្ញា សុវត្ថិឌី ធារិកា, លោក អ៊ឹម ជីវា, លោក គន់ រៀមរតនៈ, លោក ងួន សុបិន្ត និងតារាប្រុសស្រីជាច្រើនរូបទៀតផងដែរ។
គួរជម្រាបថា ពិធីមង្គលការរបស់ពិធីការិនី ណូម័រ និងលោក សុភា ធ្វើឡើងនៅមជ្ឈមណ្ឌល Capital Wedding Hall សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយនាងហៅភ្ញៀវចំនួន៧០តុ ក្នុងនោះមានអ្នកសិល្បៈប្រមាណជិត២០០នាក់ចូលរួម៕