(ភ្នំពេញ)៖ ខ្សែការពារវ័យក្មេងរបស់ក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី កីឡាករ សឿត ណាវ៉ា ក្រោយពីខ្លួនគេរកបានគ្រាប់បាល់ដំបូងឱ្យក្លឹប នៅក្នុងលីគកំពូលកម្ពុជា នៅសប្តាហ៍ទី៩ ដែលជួយឱ្យក្រុមនៅខេត្តកំពង់ចាមមួយនេះ ឈ្នះអាស៊ីអឺរ៉ុប ៣-២ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
សឿត ណាវ៉ា បាននិយាយថា «ដូចខ្ញុំធ្លាប់បាននិយាយរួចមកហើយ មិនថាកាលៈទេសៈណាក៏ដោយ បានលេងប៉ុន្មាននាទីក៏ដោយ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជួយក្រុម។ ខ្ញុំសប្បាយចិត្ត ហើយនេះក៏ជាប្រកួតទី៤ ដែលខ្ញុំមានឱកាសបង្ហាញខ្លួន ក៏ដូចជាជួយក្រុមទទួលបាន ៣ពិន្ទុបន្ថែមទៀត។ យ៉ាងណាមិញ ប៉ុននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខ្ញុំនឹងព្យាយាមបន្ថែមទៀត»។
សូមបញ្ជាក់ផងថា សឿត ណាវ៉ា គឺជាកីឡាករយុវជនអាយុក្រោម ១៨ឆ្នាំ ដែលរកគ្រាប់បាល់ដំបូងគេឱ្យបឹងកេត ក្នុងលីគកំពូលកម្ពុជា ត្រឹមសប្តាហ៍ទី៩ ខណៈរូបគេតែងតែទទួលបានការកោតសរសើរពីគ្រូបង្វឹក តែថារូបគេនៅមានចំណុចជាច្រើនត្រូវវិវត្តន៍ខ្លួនបន្ថែមទៀត។ បឹងកេត បានឆ្លងកាត់ ៩ប្រកួត ឈ្នះ៥ដង ស្មើ២ដង និងចាញ់២ដង ឈរនៅចំណាត់ថ្នាក់លេខ៦ បណ្តោះអាសន្ន និងមាន ១៧ពិន្ទុ៕