(កូរ៉េខាងត្បូង)៖ តារាចម្រៀង Choi Jung Hoon (ឆយ ចុងហ៊ុន) ដែលជាសមាជិកក្រុមតារាចម្រៀងរ៉ុក Jannabi បានសម្រក់ទឹកភ្នែក នៅមុខទស្សនិកជន ដែលធ្វើឲ្យមានការចាប់អារម្មណ៍ ជាខ្លាំង អំឡុងពេលដែលរូបលោកសម្ដែងនៅលើឆាកប្រគំតន្រ្ដី។
បច្ចុប្បន្ននេះ ក្រុមតារាចម្រៀងរ៉ុក Jannabi (Indie Rock Band) បានឈរជើង នៅលើវិស័យចម្រៀង ត្រឹមសមាជិក ៤ នាក់ ប៉ុណ្ណោះ បន្ទាប់ពីសមាជិកYoo Young Hyun បានស្ម័គ្រចិត្តដើរចេញពីក្រុម កាលពីថ្ងៃទី២៤ ខែឧសភាថ្មីៗនេះ ដោយសារតែប្រើអំពើហិង្សានៅសាលារៀន បន្ទាប់ពីរូបលោកធ្លាប់សារភាពចំពោះរបាយការណ៍ដែលអះអាងថា លោកជាប់ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងសាលារៀន កាលពីអតីតកាល។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្រុមតារាចម្រៀងរ៉ុកមួយក្រុមនេះ ក៏មានរឿងក្ដៅបន្ថែមទៀត ទាក់ទងនឹងសមាជិក Choi Jung Hoon។ ស្ថានភាពកាន់តែអាក្រក់បន្ថែមទៀត នៅពេលដែលពាក្យចចាមអារាម បានចាប់ផ្ដើមរីកសុះសាយ និយាយអំពីឪពុករបស់ Choi Jung Hoon ដែលបាននាំអតីតអនុរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌លោក Kim Hak Eui មកធ្វើការនៅក្រុមហ៊ុនឪពុករបស់លោក។
ជាមួយគ្នានេះផងដែរ កាលពីថ្ងៃទី ២៥ ខែឧសភា ប៉ុស្តិ៍ទូរទស្សន៍ SBS ផ្សាយនៅម៉ោង បានរាយការណ៍ថា Choi Jung Hoon គឺជាកូនប្រុសរបស់សហគ្រិនម្នាក់ ដែលត្រូវបានចោទប្រកាន់ថា បាននាំអនុរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ លោក Kim Hak Eui មកធ្វើការនៅក្រុមហ៊ុន។ បងប្រុសរបស់ Choi Jung Hoon និងអ្នកគ្រប់គ្រងរបស់ Jannabi បានបដិសេធចំពោះការចោទប្រកាន់ ហើយបានប្រកាសពីបំណងរបស់ខ្លួន ក្នុងការចាត់វិធានការផ្លូវច្បាប់ ចំពោះរឿងចចាមអារាមមួយនេះ។ Choi Jung Hoon ក៏បានសម្តែងការខកចិត្តផងដែរ។
ទោះបីជាមានរឿងស្មុគស្មាញបែបនេះក្ដី ប៉ុន្តែក្រុមJannabi នៅតែបន្តដំណើរនៅលើវិថីចម្រៀងនេះទៅមុខ ដោយបានចូលរួមសម្ដែងនៅឯកម្មវិធី Hansoowon Art Festival (HAFESTA 2019) កាលពីថ្ងៃទី២៥ ខែឧសភា ដោយមានត្រឹមតែសមាជិក ៤នាក់ប៉ុណ្ណោះ។ ការប្រគំតន្រ្ដី ចាប់ផ្ដើម នៅលើឆាក មានរយៈពេលត្រឹមតែ ៤០នាទីប៉ុណ្ណោះ នៅថ្ងៃនោះ៕