(ភ្នំពេញ)៖ ពិធីការិនីកញ្ញា ឌួង ហ្សូរីដា ក្រៅពីធ្វើជាម្ចាស់ជំនួញបើកហាង «មុទិតា» យ៉ាងជោគជ័យហើយនោះ ងាកមកការងារសង្គមក៏មមាញឹកខ្លាំងណាស់ដែរ ខណៈថ្មីៗនេះ ទើបតែទទួលបានតំណែងថ្មីមួយ ដែលជាមោទនភាពសម្រាប់នាងផ្ទាល់ គឺត្រូវបានម្ចាស់សមគមអភិរក្សដំរីខ្មែរអៃរាវត្ត លោកស្រី ខៃ ចិន្ដា តែងតាំងជាទូតសុច្ឆន្ទៈ ប្រចាំសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្ត។ យ៉ាងណាមិញ ក្រោយទទួលនូវតំណែងថ្មីមួយនេះ និងស្របពេលដែលជំនួញថ្មីបង្កើត ម៉ាកកាបូបផ្ទាល់ខ្លួន មានឈ្មោះថា «មុទិតា» ដែលភ្ជាប់ជាមួយរូបដំរី កំពុងចាប់ផ្តើមដំណើរការនោះ ដួង ហ្សូរីដា ក៏បានសម្រេចថា នឹងយកលុយចំណេញពីជំនួញថ្មីមួយនេះ ៥០% ជួយដល់មូលនិធិតែម្តង ដើម្បីជាផ្នែកមួយជួយសង្គម និងអភិរក្សសត្វដំរីកម្ពុជា។
កញ្ញា ឌួង ហ្សូរីដា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News និង Khmer Talking យ៉ាងដូច្នេះថា ការទទួលបានតំណែងមួយនេះ ជាមោទនភាពមួយសម្រាប់នាង និងសប្បាយចិត្តក្នុងការចូលរួម ព្រោះការងារនេះពាក់ព័ន្ធនឹងការជួយដល់សង្គម។ អ្វីដែលសំខាន់ការទទួលបានតំណែងមួយនេះ គឺមិនមែនជារឿងងាយស្រួលនោះទេ បានន័យថាគេមិនចេះតែជ្រើសរើសឡើយ ហើយក៏មិនមែនបានន័យថា បានតំណែងនេះ ដោយសារការស្គាល់គ្នាជាមួយប្រធានសមាគមអ្វីដែរ ពោលគឺខាងសមាគមមើលឃើញពីលក្ខណៈសម្បតិ្ត, កិច្ចការងារសប្បុរសធម៌ និងសកម្មភាពជួយសង្គមរបស់នាងកន្លងមក ទើបសម្រេចតែងតាំងជា ទូតសុច្ឆន្ទៈ ប្រចាំសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្ត តែម្តង។
ម្ចាស់ជំនួញស្រីកាន់កាប់ការងារជាច្រើនក្នុងដៃរូបនេះ បានបន្តថា តួនាទីជាទូតសុច្ឆន្ទៈ គឺជាការងារស្ម័គ្រចិត្ត ជួយសង្គម មិនមែនបានន័យថាទៅរកលុយពីការងារហ្នឹងនោះទេ សម្រាប់រូបនាងផ្ទាល់ ក្នុងនាមជាអ្នករកស៊ី គឺពេលវេលាមមាញឹកខ្លាំងណាស់ តែយ៉ាងណានៅតែឆ្លៀតពេល សម្រាប់កិច្ចការសង្គម និងទទួលធ្វើទូតសុច្ឆន្ទៈប្រចាំសមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា ដោយសារសង្កេតឃើញថា ការងាររបស់ប្រធានសមាគមអភិរក្សដំរីខ្មែរ អៃរាវត្ត លោកស្រី ខៃ ចិន្តា មានភាពច្បាស់លាស់ ហើយលោកស្រីក៏ជាសហគ្រិនស្រី្តមួយរូបដូចនាងផងដែរ។
កញ្ញា ឌួង ហ្សូរីដា បានសង្កត់ធ្ងន់ថា ខណៈទើបបើកដំណើរការបើកហាងកាបូបថ្មី នាងមានគម្រោងបង្កើតម៉ាកកាបូបផ្ទាល់ខ្លួនមានឈ្មោះថា «មុទិកា» ភ្ជាប់ជាមួយរូបដំរី និងដាក់ Logo របស់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដូច្នេះរាល់ទឹកប្រាប់ដែលបានមកពីការលក់កាបូបនេះ ៥០% នៃប្រាក់ចំណេញ នឹងបរិច្ចាកដល់មូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តាតែម្តង។
ថ្លែងតាមរយៈនេះ កញ្ញា ឌួង ហ្សូរីដា បានផ្តាំផ្ញើរដល់ទស្សនិកជន ជាពិសេសចំពោះបងប្អូនប្រជាជនខ្មែរថា សូមងាកមកចាប់អារម្មណ៍ពីការជួយអភិរក្សសត្វដំរីកម្ពុជា និងអញ្ជើញចូលរួមក្នុងកម្មវិធីដាំដើមឈើ នៅខែកក្កដា ខាងមុខនេះ ដែលរៀបចំដោយខាងសមាគមផ្ទាល់។ អ្វីដែលពិសេស នាងបានសំណូមពរដល់បងប្អូនខ្មែរ ឲ្យជួយគាំទ្រនូវផលិតផលថ្មីរបស់នាង ដែលនឹងចេញឆាប់ៗនេះ ពាក់ព័ន្ធនឹងរូបដំរី ដែលជាស្នាដៃកូនខ្មែរ។
សូមជម្រាប់ថា មូលនិធិសមាគមអភិរក្សដំរី អៃរាវត្តា បានបង្កើតឡើងជាង៤ឆ្នាំហើយ ក្នុងគោលបំណងអភិរក្សសត្វដំរីដែលនៅសេសសល់ ក្នុងខេត្តភាគឦសាន ជាពិសេសបានផ្ដល់ឱកាសឲ្យភ្ញៀវទេសចរទទួលបានភាពស្និទ្ធស្នាលជាមួយសត្វដំរី ខណៈសត្វប្រភេទនេះត្រូវបានគេដឹងថាកំពុងតែប្រឈមការបាត់បង់នៅកម្ពុជា ស្របពេលដែលចំនួនដំរីទូទាំងពិភពលោកក៏កាន់តែធ្លាក់ចុះ ព្រោះតែការប្រមាញ់សម្លាប់ និងការកាប់បំផ្លាញព្រៃឈើ៕