(ភ្នំពេញ)៖ អត្តពលិកជម្រើសជាតិកម្ពុជា ៦រូប រួមមានកីឡាការិនីចំបាប់ ៥រូប និងកីឡាករកាយសម្ព័ន្ធម្នាក់ នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ បានចេញដំណើរទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន ដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីននាចុងឆ្នាំ២០១៩។ បេសកកម្មនេះដឹកនាំដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា នេះគឺជាការបោះជំរុំហ្វឹកហាត់រយៈវែងលើកដំបូងសម្រាប់អត្តពលិកកម្ពុជា ស្របតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ NOCC ដើម្បីបង្កើនគុណផល និងជំរុញកីឡាករ-កីឡាការិនីកម្ពុជាមានសមត្ថភាពកម្រិតខ្ពស់ ឆ្ពោះទៅប្រកួតប្រជែងក្នុងឆាកអន្ដរជាតិ ពិសេសត្រៀមស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ។ បេសកម្មនេះដែរ ទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក Tang Gordon អនុប្រធាន NOCC។
លោកថា «នេះគឺជាការហ្វឹកហាត់រយៈពេលវែង ៦ខែ ចាប់ពីឥឡូវដល់ចុងខែវិច្ឆិកា។ បន្ទាប់មកកីឡាករ-កីឡាការិនីយើង នឹងចេញពីចិនទៅហ្វីលីពីនតែម្ដង ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅទីនោះ។ នេះគឺជាការខិតខំប្រឹងប្រែងមួយរបស់ NOCC ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន និងការឧបត្ថម្ភរបស់លោក Tang Gordon ដែលផ្ដោតលើអាទិភាពទី១ ឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម»។
លើសពីនេះ កម្ពុជាក៏កំពុងរៀបគម្រោងបញ្ជូនអត្តពលិកទ្រង់ទ្រាយធំ ទៅហ្វឹកហាត់ក្រៅស្រុក ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។ លោកបន្ដថា «បន្ទាប់ពី ១ក្រុមនេះទៅ ប្រហែលជា ២ទៅ ៣ខែខាងមុខ យើងនឹងមានរៀបចំ ១ក្រុមធំប្រមាណជាង ១០០នាក់ទៀត ទៅហ្វឹកហាត់នៅចិន កូរ៉េ និងជប៉ុន ដើម្បីជំរុញគុណភាពហ្វឹកហាត់ពិសេស ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ តាមរយៈការហ្វឹកហាត់រយៈពេលវែង ចាប់ពីឆ្នាំនេះដល់ឆ្នាំ២០២៣ តែម្ដង»។
ជាមួយនឹងការអនុវត្តន៍ផែនការបញ្ជូនអត្តពលិកទៅហ្វឹកហាត់ក្រៅស្រុកនេះដែរ គឺដើម្បីធានាសមត្ថភាពពិតប្រាកដរបស់កីឡាករ-កីឡាការិនី ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ លោកបន្ថែថា «ការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី គឺជាអាទិភាពមួយ ធ្វើយ៉ាងណាឲ្យកីឡាករ-កីឡាការិនី មានសមត្ថភាពពិតប្រាកដ មិនបន្លំ សុំមេដាយគេ ដូចប្រសាសន៍ឯកឧត្តម ថោង ខុន ត្រូវធ្វើឲ្យមានលក្ខណៈ Fair-Play ប្រកួតដោយស្មើភាព និងយុត្តិធម៌ ពេលយើងធ្វើជាម្ចាស់ផ្ទះ»។
ចំពោះសមាសភាពកីឡាករ-កីឡាការិនី ត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅចិន នៅថ្ងៃអង្គារនេះរួមមានកីឡាចំបាប់ មានកីឡាការិនី ឌន ស្រស់, ជា កញ្ញា, ឌិត សំណាង, សឿន នឿន និងកីឡាការិនី យុន ដាណេ ខណៈកីឡាកាយសម្ព័ន្ធម្នាក់ គឺកីឡាករ អៀ សៀវមីង។ ចំពោះការធ្វើដំណើរ ស្នាក់នៅ ហូបចុក និងការថែទាំហ្វឹកហាត់នៅចិន គឺទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក Tang Gorden អនុប្រធាន NOCC៕