(បរទេស)៖ បន្ទាប់ពីមានព័ត៌មានអកុសល បានចែកចាយតៗគ្នា ពេញបណ្ដាញសង្គម ដែលនិយាយថា តារាក្បាច់គុណ Tony Jaa ដែលជាប់ឈាមជ័រជាខ្មែរ បានទទួលមរណភាព ពេលលោកកំពុងថតរឿងនៅអាមេរិកនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយម្ចាស់សាមីខ្លួន បានចេញមុខបដិសេធ និងអះអាងថា លោកមិនទាន់បាត់បង់ជីវិត នៅឡើយទេ ពោលគឺគ្រាន់តែជាការសម្ដែង នៅក្នុងសាច់រឿងតែប៉ុណ្ណោះ។
Tony Jaa ដែលជាតារាក្បាច់គុនដ៏ល្បីល្បាញជាអន្តរជាតិ បាននិយាយថា រូបលោក នៅរស់រានមានជីវិតនោះទេ ហើយលោកបានច្រានចោលពាក្យចចាមអារ៉ាម ដែលថាលោកបានស្លាប់ក្នុងអំឡុងពេលថតរឿងហូលីវូដ នៅសហរដ្ឋអាមេរិកកាល ពីថ្ងៃសៅរ៍។
ភ្ជាប់ជាមួយរូបថតមួយសន្លឹក Tony Jaa បានបង្ហោះនៅក្នុងបណ្ដាញសង្គមអ៊ីនស្តារក្រាមថា «This is the real tony jaa! Thank you for your support. And you know about the news out there that i am dead. But im still here and alive and im still fighting to make action movie for my fans» ដែលភាសាខ្មែរ មានន័យថា «នេះគឺជា tony jaa ពិត! អរគុណអ្នកគ្រប់គ្នា សម្រាប់ការគាំទ្រ។ អ្នកដឹងទេ អំពីព័ត៌មានមួយ ដែលបានចុះផ្សាយថា ខ្ញុំបានបាត់បង់ជីវិត។ ប៉ុន្តែខ្ញុំនៅរស់នោះទេ ហើយនៅតែនៅទីនេះ ហើយនៅតែប្រើក្បាច់គុន ដើម្បីផលិតខ្សែភាពយន្ត ដល់អ្នកគាំទ្ររបស់ខ្ញុំដដែល»៕