(ភ្នំពេញ)៖ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ ប្រចាំសប្តាហទី៩ ក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា បានភ្លាត់ស្នៀតចាញ់ក្រុមភ្ញៀវសូលទីឡូអង្គរ របស់ខេត្តសៀមរាបក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជាតែម្តង។

ទាក់ទងទៅការប្រកួតរវាងក្រុមទាំងពីរ សូលទីឡូអង្គរ បាននាំមុខមុន ១គ្រាប់នៅតង់ទី១ ដោយកីឡាករ Yuta ពាក់លេខ១៣ នាទីទី១៥ និងចូលតង់ទី២ អគ្គិសនីបានវាយបកតាមស្មើរវិញនៅនាទី៥២ ដោយកីឡាករ មួន ណារ៉ា ពាក់លេខ៩ និងដល់នាទីទី៦១ សូលទីឡូអង្គរ បានដាក់បន្ថែម ១គ្រាប់ទៀតដោយកីឡាករ ពាក់លេខ១០ Fumiya និងនា ទី៧៨ កីឡាករដដែលរបស់អគ្គិសនី មួន ណារ៉ា ពាក់លេខ៩ ដាក់១គ្រាប់ទៀតតាមស្មើ លុះដល់ជិតចប់ សូលទីឡូអង្គរ បានបន្ថែមដល់ទៅ ២គ្រាប់ទៀត ដោយកីឡាករ ប្រាក់ ចាន់រតនា ពាក់លេខ១១ នៅនាទី៨៦ និងកីឡាករ លី មស្លីម ពាក់លេខ១៩ នៅនាទី ៩០+៥។

អគ្គិសនីកម្ពុជា ឆ្លងកាត់៩ប្រកួតកន្លងមកនេះ ទើបតែឈ្នះបាន២ដង ស្មើ១ដង និងចាញ់៦ដង ឈរនៅចំណាត់ថ្នាក់លេខ១១ និងមាន៧ពិន្ទុ ខណៈសូលទីឡូអង្គរ ឆ្លងកាត់៩ប្រកួតដូចគ្នា ឈ្នះ៣ដង ស្មើ៣ដង និងចាញ់៣ដង ឈរនៅចំណាត់ថ្នាក់លេខ៧ និងមាន ១២ពិន្ទុ៕