(បរទេស)៖ រថយន្តដែលមានវត្តមានក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្តជាច្រើន ត្រូវបានគេយកមកដាក់តាំងបង្ហាញឲ្យសាធារណជនបានទស្សនា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ «Hollywood Dream Machines»។ នេះបើយោងតាមការផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

ព្រឹត្តិការណ៍តាំងពិព័រណ៍ «Hollywood Dream Machines» នឹងចាប់ផ្តើមនៅទីតាំងសារមន្ទីរ «Petersen Automotive» ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ក្នុងនោះរថយន្តដែលមានក្នុងរឿង Hollywood បែបវិទ្យាសាស្ត្រដូចជារឿងក្នុង «Star Wars» រឿង «Iron Man» និងរូប DeLorean ក្នុងរឿង «Back to the Future» ត្រូវបានដាក់បង្ហាញឲ្យសាធារណជនបានទស្សនា។

គួរជម្រាបថា ក្នុងពិព័រណ៍ «Hollywood Dream Machines» ធ្លាប់បានបើកម្តងរួចមកហើយកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដោយមានដាក់តាំងបង្ហាញរថយន្តចាស់ៗចំនួន ៥០គ្រឿងដែលត្រូវបានប្រើក្នុងការថតភាពយន្ត Hollywood បែបលក្ខណៈវិទ្យាសាស្រ្ត ខណៈលើកនេះក៏មិនខុសពីលើកមុនដែរ ពោលគឺមានការតាំងនូវរថយន្តប្រភេទចាស់ៗ និងល្បីៗដូចគ្នា។ លើសពីនេះ ក៏មានការបង្ហាញនូវសាលគំនូរធំ ដែលពោរពេញដោយផ្ទាំងគំនូរដ៏ទាក់ទាញជាច្រើន និងមានការដាក់តាំងសម្ភារៈមួយចំនួន ដែលធ្លាប់ត្រូវបានយកទៅថតក្នុងរឿង Hollywood ដូចជាកាំភ្លើងផងដែរ៕