(ភ្នំពេញ)៖ ក្រុម ISI United និងក្រុម Avatar បានសម្ញែងភាពខ្លាំងរៀងៗខ្លួន ក្នុងការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១១ នៃពានរង្វាន់ Keller Williams Cambodia League 2019 ដោយបានបំបាក់គូប្រកួតយ៉ាងចាស់ដៃ ស្របពេលក្រុម Khmer United-A បានយកឈ្នះក្រុម Khmer United U22 ដែលជាក្រុមសិស្សប្អូន ដោយលទ្ធផល ៤-១ នៅកីឡដ្ឋានវេស្ទើនកាលពីម្សិលមិញ។

គិតមកទល់ពេលនេះ ពានពាក់កណ្ដាលអាជីពដ៏ចាស់វស្សានេះ នៅសល់ការប្រកួតសន្សំពិន្ទុតែ ៤សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងរកឃើញក្រុមជើងឯកហើយ។ ទន្ទឹមជាមួយគ្នា គេឃើញក្រុម២ មានសុទ្ធតែអាទិភាពខ្ពស់ ក្នុងការប្រជែងជើងឯក គឺក្រុម ISI United និងក្រុមការពារតំណែងជើងឯក Avatar គ្រាដែលបច្ចុប្បន្ន ក្រុមទាំងពីរមានពិន្ទុខុសត្រូវគ្នាត្រឹម ១ពិន្ទុប៉ុណ្ណោះ។

កាលពីម្សិលមិញក្រុម ISI United បានបំបាក់ក្រុម A.T.K ១៧-០ គ្រាដែលក្រុម Avatar បានលត់ក្រុមគ្រួសារកីឡាតាំងគោក ១១-០ នៅលើទីលាន KMH Park។ តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុមទាំងពីរ ពង្រឹងកៅអីលំដាប់កំពូលតារាងរៀងខ្លួន ពោលគឺក្រុម ISI United បន្ដឈរកំពូលតារាងមាន ៣១ពិន្ទុ ស្របពេលក្រុម Avatar បន្ដឈរលេខ២ មាន ៣០ពិន្ទុក្នុងដៃ។

ចំណែកក្រុម Khmer United-A វិញ ក្រោយដណ្ដើមបាន ៣ពិន្ទុពីក្រុមសិស្សប្អូន បានធ្វើឲ្យពួកគេបន្ដឈរលេខ៣ និងមាន ២៦ពិន្ទុ ហើយតាមពីក្រោយដោយក្រុម Riel Phnom Penh ដែលមាន ២៥ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុម Anvaya ៣-០។ រីឯក្រុម Mambo PP បានរំកិលទៅឈរលេខ៦ និងមាន ២១ពិន្ទុ ក្រោយយកឈ្នះក្រុមទន្សោង ៣-១ តាមពីក្រោយក្រុម Bayon Wanderers ដែលមាន ២ពិន្ទុ បន្ទាប់ពីពួកគេ ប្រកួតស្មើក្រុមបាសាក់ ៥-៥៕