(ភ្នំពេញ)៖ ក្រោយការប្រកួតទល់នឹងក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ត្រូវបានបញ្ចប់ដោយលទ្ធផលយ៉ាងប្រផិតប្រផើយ ២-១ ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ កាលសប្តាហ៍មុន លោក ស៊ុំ វណ្ណា គ្រូបង្វឹកភ្នំពេញក្រោន បានសរសើរពីសមត្ថភាពកីឡាករក្មេងៗដែលលេងនៅតំបន់ប្រយុទ្ធ ថាលេងបានសហការគ្នាល្អក្នុងការទទួលបាន ៣ពិន្ទុដ៏សំខាន់នេះ។
គ្រូបង្វឹកជនជាតិខ្មែរ ដែលត្រូវបានតែងតាំងឲ្យដឹកនាំក្រោនបណ្តោះអាសន្នរូបនេះបានលើកឡើងថា «យើងមានបញ្ហាក្នុងការបញ្ចប់ទីច្រើនសម្រាប់ការប្រកួតមុនៗ ហើយលើកនេះ វាមានកត្តាជាច្រើនរួមបញ្ចូលគ្នា ដូចជាកង្វះកីឡាករបរទេស ប៉ុន្តែយើងទុកចិត្តលើកីឡាករក្មេងៗរបស់យើង ព្រោះពួកគាត់មួយចំនួនអាចលេងលើស និងមានសមត្ថភាពល្អដូចកីឡាករបរទេសដែរ»។
លោកថា «ខ្ញុំចង់ឲ្យកីឡាកររបស់យើងព្យាយាមលេងបន្ថែមទៀតនៅតំបន់ប្រយុទ្ធ ប្រឹងប្រែងលេងឲ្យបានស៊ីចង្វាក់គ្នា ព្រោះការបញ្ចប់ទីបានល្អក៏ស្ថិតលើការសហការគ្នាជាក្រុមដែរ ហើយខ្ញុំនឹងព្យាយាមធ្វើការទាំងនេះឲ្យបានល្អជាមួយពួកគាត់»។
គួរបញ្ជាក់ថា ការប្រកួតយប់មិញនេះ កីឡាករក្មេងៗរបស់ភ្នំពេញក្រោនបានបង្ហាញទម្រង់លេងយ៉ាងគួរឲ្យចាប់អារម្មណ៍ ហើយកីឡាករដែលប្រើក្បាលតែតបញ្ចូលទីទាំង ២គ្រាប់ជួយឲ្យក្រុមភ្នំពេញក្រោនទទួលបានជ័យជម្នះនេះគឺ ប្រាក់ ធីវ៉ា និងមិត្តរួមក្រុម អ៊ន ចាន់ប៉ូលីន៕