(ភ្នំពេញ)៖ ក្រុមណាហ្គាវើល បានបន្ថែម ៣ពិន្ទុយ៉ាងងាយ ក្រោយបំបាក់ក្រុមបាល់ទាត់ខេត្តកំពង់ចាម ១៨-០ នៅកីឡដ្ឋានស្ដាតចាស់កាលពីល្ងាចមិញ។ តាមរយៈជ័យជម្នះនេះ ក្រុមលោក មាស ចាន់ណា បានបង្កើតកំណត់ត្រាថ្មី២ បើគិតត្រឹមសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩។
ទី១៖ ក្រុមណាហ្គាវើល បានបំបែកកំណត់ត្រាក្រុមរកបានគ្រាប់បាល់ច្រើនជាងគេក្នុង ១ប្រកួត ខណៈវិសាខា ដែលធ្លាប់បំបាក់ក្រុមខេត្តកំពង់ចាមដូចគ្នាក្នុងលទ្ធផល ១៤-០។ ទី២៖ កីឡាករ Ehso Omogba រកបាន ៧គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ១៨-០ ខាងលើ តាមទាន់កំណត់ត្រាកីឡាករ កែវ សុខផេង ដែលរកបាន ៧គ្រាប់ ពេលវិសាខាបំបាក់ខេត្តកំពង់ចាម ១៤-០ និងកីឡាករ Privat រកបាន ៧គ្រាប់ ពេលក្រុមព្រះខ័នរាជស្វាយរៀងលត់ខេត្តកំពង់ចាម ១៣-០។
ជាមួយនឹងជ័យជម្នះដ៏សន្លឹកសន្ធាប់ និងមិនធ្លាប់មានក្នុងលីគកំពូលកម្ពុជានេះ បានជួយឲ្យក្រុមណាហ្គាវើល បន្ដឈរកំពូលតារាងពិន្ទុបណ្ដោះអាសន្ន ដោយមាន ២៤ពិន្ទុ ជាមួយលទ្ធផល ៩ប្រកួត ឈ្នះ៨ និងចាញ់១ តាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៣-០ កាលពីល្ងាចមិញ ដើម្បីរក្សាកំណត់ត្រាមិនស្គាល់ចាញ់ ពោលគឺឆ្លងកាត់ ៩ប្រកួត ឈ្នះ៧ និងស្មើ២ មាន ២៣ពិន្ទុក្នុងដៃ៕