(កូរ៉េខាងត្បូង)៖ Yoo In Suk បានបង្ហើបឱ្យដឹងថា ពួកគេបានដេកជាមួយស្រី្ដបម្រើផ្លូវភេទ មុនពេលបញ្ចូននារីទាំងនោះទៅឲ្យភ្ញៀវ ដែលជាដៃគូរកស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន koreaboo នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៩។

Yoo In Suk នាយកប្រតិបត្តិ Yuri Holding​ បានផ្ដល់ចម្លើយសារភាពដ៏គួរឲ្យភ្ញាក់ផ្អើលផ្សេងទៀត អំឡុងពេលនៃការស៊ើបអង្កេតចុងក្រោយរបស់លោក ដោយបានសារភាពថា Seungri និង រូបលោក ក៏បានជួលស្រី្ដបម្រើផ្លូវភេទទាំងនោះ ឲ្យបម្រើផ្លូវភេទជាមួយពួកគេផងដែរ។ កាលពីមុនYoo In Suk បានសារភាពថា Seungri ក៏បានផ្ដល់សេវាកម្មពេស្យាចារ ទៅឲ្យអ្នកវិនិយោគជប៉ុនម្នាក់ ក្នុងអំឡុងពេលពិធីបុណ្យណូអែល នៅខែធ្នូឆ្នាំ ២០១៥ ហើយថ្មីៗនេះលោក Yoo In Suk បានបន្ថែមថារូបលោក បានជួលស្រីបម្រើផ្លូវភេទ ២នាក់ ឱ្យមកអាគាររបស់លោកនៅថ្ងៃទី២៣ ខែធ្នូឆ្នាំ ២០១៥។

លោកបានពន្យល់ថា ពួកគេបានជួលស្រី្ដបម្រើផ្លូវភេទ ដោយក្រោមហេតុផល «សាកល្បងពីគុណភាពរបស់ពួកគេ» មុនពេលបញ្ចូនពួកគេ​ទៅកាន់ឈ្មួញជប៉ុន នៅថ្ងៃបន្ទាប់។ ស្ត្រីដែលមានជាប់ពាក់ព័ន្ធត្រូវបានគេសាកសួរ ហើយពួកគេបានបញ្ជាក់ថា ពួកគេបានផ្តល់ការកម្សាន្តអារម្មណ៍ទៅដល់ Seungri និង Yoo In Suk នៅអំឡុងពេលយប់នោះ។ មុនយប់នោះ ត្រូវបានគេរាយការណ៍ថា Seungri បានកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយ៥ សម្រាប់ដៃគូអាជីវកម្មរបស់លោក រយៈពេល ៣ ថ្ងៃ កាលពីថ្ងៃ ២៤ ខែធ្នូឆ្នាំ ២០១៥ ។

របាយការណ៍ក៏បានបង្ហាញផងដែរថា Seungri បានបង់ថ្លៃសណ្ឋាគារ ៣០លានវ៉ុន (ប្រហែល ២៥០០០ដុល្លារ) ដោយប្រើប្រាស់កាតក្រុមហ៊ុនរបស់ YG Entertainment ។ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតបន្ថែម បន្ទាប់ពីតុលាការ បានបញ្ឈប់ទៅលើការចាប់ខ្លួន អតីតតារាប្រុស Seungri និង Yoo In Suk៕