(សៀងហៃ)៖ តារាសម្តែងប្រុសចិនតៃវ៉ាន់ Darren Wang និងតារាសម្តែងស្រីកូរ៉េ Kang Han Na បានចេញមកច្រានចោលចំពោះពាក្យចចាមអារ៉ាម ដែលលើកឡើងថា ពួកគេទាំងពីរបានណាត់ជួបគ្នាក្នុងសណ្ឋាគារ ដែលជាការជួបជាលើកទី៤ ផងដែរ។

កាលពីថ្ងៃទី២២ ខែឧសភា បណ្តាញសារព័ត៌មានចិនបានបញ្ចេញរូបថត និងរាយការណ៍ថា «Darren Wang ត្រូវបានគេប្រទះឃើញចូលសណ្ឋាគារមួយនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិនជាមួយនារីម្នាក់»។ មុខរបស់នាងមិនត្រូវបានគេឃើញច្បាស់នោះទេ ប៉ុន្តែនារីដែលមានសក់វែង និងពាក់មួកត្រូវបានថតជាប់នៅពេលចុះពីរថយន្ត ហើយចូលទៅក្នុងសណ្ឋាគារនេះ។

Kang Ha Na ត្រូវបានគេនិយាយតគ្នាថា គឺជាស្រ្តីម្នាក់នេះ ពីព្រោះជាញឹកញាប់នាងតែងតែទទួលរងពាក្យចចាមអារ៉ាមណាត់ជួបជាមួយ Darren Wang កាលពីមុន។ ហើយទោះបីជាយ៉ាងណាក៏ដោយ អ្នកតំណាងនៃ Darren Wang បានបដិសេធរាល់ពាក្យចចាមអារ៉ាម និងអះអាងថា នារីម្នាក់នោះគឺជាអ្នកផាត់មុខតែប៉ុណ្ណោះ។

ចំណែកខាងភ្នាក់ងាររបស់ Kang Ha Na ក៏បានបដិសេធនូវរាល់ពាក្យចចាមអារ៉ាមខាងលើដូចគ្នា ដោយសង្កត់ធ្ងន់ថា អ្នកទាំងពីរគ្រាន់តែជាមិត្តធម្មតា និងបាននិយាយថា «ឥឡូវនាងនៅក្នុងប្រទេសកូរ៉េ ដើម្បីថតរឿងភាគ Desighnated Survivor»