(ភូមា)៖ មានការចាប់អារម្មណ៍ និងបានចែករំលែកតៗគ្នាពេញបណ្តាញទំនាក់ទំនងសង្គម ជាមួយនឹងរូបភាពរបស់​តារាភាពយន្តស្រីល្បីឈ្មោះបោះសំឡេងមួយរូបប្រចាំភូមា គឺកញ្ញា Soe Pyae Thazin។ កាលដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺនាងបានសម្រេចចិត្តបោះបង់ជីវិតជាតារា រស់នៅបែបស៊ីវីល័យ បង្វែរទៅរកផ្លូវព្រះធម៌ដើមតាមគន្លងព្រះពុទ្ធសាសនាវិញម្តង ដែលធ្វើឲ្យទស្សនិកជនទាំងក្នុង និងក្រៅស្រុកភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមរយៈផេក «Buddhism For World Peace And Humanity» បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹករបស់តារាស្រី Soe Pyae Thazin និងបានភ្ជាប់ជាមួយអត្ថបទមានខ្លឹមសារយ៉ាងដូច្នេះថា តារាភាពយន្តស្រីភូមា បានក្លាយជាដូនជី ដើរតាមគន្លងព្រះពុទ្ធសាសនា ដោយបោះបង់ចោលជីវិតបែបស៊ីវីល័យ និងទទួលយកនូវជីវិតបែបសាមញ្ញ ទទួលយកការទូន្មាន និងបណ្តុះគំនិតថ្មីតាមការបង្រៀនរបស់ព្រះពុទ្ធ ដើម្បីឈានដល់គោលដៅនៃជីវិត តាមអ្វីដែលនាងចង់បាន។

Soe Pyae Thazin គឺជាតារាសម្តែង, តារាម៉ូដែល និងជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពមួយរូប ក្នុងវិស័យឧស្សាហកម្មភាពយន្តភូមា។ នាងសម្រេចចិត្តកោរសក់បួស ជាដូនជីដើមតាមគន្លងព្រះពុទ្ធសាសនានេះ មានមហាជនបានបញ្ចេញនូវមតិកោតសរសើរ និងជូនពរឲ្យសម្រេចនូវការប្រាថ្នារបស់នាង។

ទោះបីយ៉ាងណាក៏ដោយ គេមិនទាន់ដឹងនោះទេ ថាតារាស្រីរូបនេះបួសរយៈពេលប៉ុន្មានខែនោះ ព្រោះមិនទាន់មានប្រភពខាងណាមួយ​មកបញ្ជាក់នៅឡើយទេ ខណៈបច្ចុប្បន្ននៅតែមានការចែករំលែកនូវព័ត៌មាននេះជាបន្តបន្ទាប់ ពាសពេញបណ្តាញសង្គម៕