(ភ្នំពេញ)៖ ទីបំផុតខ្សែប្រយុទ្ធ Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ត្រូវបានក្លឹប Melbourne Victory នៃលីគកំពូលអូស្ដ្រាលី ប្រកាសចែកផ្លូវគ្នាហើយ ក្រោយរួមរស់ជាមួយគ្នាបាន ១រដូវកាលក្នុងឆ្នាំ២០១៨-២០១៩ កន្លងទៅ។

ជាមួយនឹងការចាកចេញនេះដែរ ពុំមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ។ ប៉ុន្ដែភាគីទាំងពីរ សុទ្ធតែបានបង្ហាញនូវការគោរពស្រលាញ់ និងនឹករលឹកគ្នាទៅវិញទៅមក។ ចំពោះកីឡាករជប៉ុន Keisuke Honda គេហាក់បង្ហាញនូវតម្រុយលេងឲ្យក្លឹបថ្មីមួយផ្សេងទៀត ក្រោយចាកចេញពីក្រុមឈរនៅលេខ៣ នៃលីគកំពូលអូស្ដ្រាលី។

គួរដឹងថា ក្រោយបានចូលរួមជាមួយក្លឹប Melbourne Victory មួយរដូវកាលពេញ Honda បានង្ហាញខ្លួនលើទីលាន ២៣ប្រកួត និងរកបាន ៨គ្រាប់ឲ្យក្រុម។ ប៉ុន្ដែអំឡុងពេលលោកចុះកុងត្រាលេងឲ្យក្លឹបកំពូលរបស់អូស្ដ្រាលីនេះ Honda ក៏បានព្រមព្រៀងដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមជាអ្នកចាត់ការទូទៅ ហើយធ្លាប់មកដឹកនាំក្រុមរហស្សនាមគោព្រៃកម្ពុជាម្ដងម្កាលទៀតផង៕