(ក្រុងឡុងដ៍)៖ កីឡាករសញ្ជាតិបារាំង វ័យ៣២ឆ្នាំ Olivier Giroud បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេលមួយរដូវកាលទៀតជាមួយក្លឹបអង់គ្លេស តោខៀវ Chelsea ពោលគឺនឹងផុតកំណត់នៅបំណាច់រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខនេះ។

សមាជិកដែលទើបជួយឲ្យក្រុមជម្រើសជាតិមាន់គកបារាំង ឈ្នះជើងឯក FIFA World Cup 2018 បានមកចូលរួមជា មួយ Chelsea ក្រោយចាកចេញពីក្លឹបរួម Premier League កាំភ្លើងធំ Arsenal កាលខែមករា ឆ្នាំ២០១៨ ដោយរកបាន ១៧គ្រាប់ ពីការបង្ហាញខ្លួនបានចំនួន ៦២ប្រកួតគ្រប់កម្មវិធី និងក៏ជាកីឡាករសំខាន់ក្នុងការជួយ Chelsea ឈ្នះជើងឯក FA Cup កាលពីរដូវកាលមុនផងដែរ។

ក្រោយតកិច្ចសន្យាថ្មីរួច Giroud បានថ្លែងប្រាប់ BBC ថា «ខ្ញុំរីករាយក្នុងការបន្តកិច្ចសន្យាថ្មីនៅទីនេះ។ ខ្ញុំពិតជាចង់ លេងនៅទីនេះរយៈពេល ១រដូវកាលទៀត ដោយសារតែបេសកកម្មមិនទាន់ត្រូវបានបញ្ចប់។ ខ្ញុំមានអារម្មណ៍ទទួលបាន គ្រប់យ៉ាង ទាំងក្នុងក្រុម គ្រួសារ និងផ្សេងៗទៀតគិតចាប់តាំងពីបានឈានមកដល់ Stamford Bridge នេះ»

បន្ថែមលើនេះទៀត Olivier Giroud ក៏ជាកីឡាករសំខាន់ដែលបានជួយឲ្យក្លឹបស្ថិតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស Chelsea ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនៃពានអឺរ៉ុប UEFA Europa League ទល់នឹង Arsenal ដែលរកបាន ១០គ្រាប់ ពីការចូលលេងបាន ១១ប្រកួតនៃយុទ្ធនាការនេះ៕