(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Henrikh Mkhitaryan នឹងអវត្តមានប្រកួតវគ្គផ្តាច់ព្រ័ត្រពេល Arsenal ប៉ះ Chelsea ក្នុងការដណ្តើមពានរង្វាន់ UEFA Europa League ឆ្នាំ២០១៩ ចុងខែនេះ ដោយសារតែភាពតានតឹងផ្នែកនយោបាយរវាងប្រទេសអាមេនី និងអាហ្សឺបៃហ្សង់នាពេលថ្មីៗនេះ។

វគ្គផ្តាច់ព្រ័ត្ររវាងក្រុមអង់គ្លេសទាំងពីរ Arsenal និង Chelsea នឹងត្រូវប្រារព្ធធ្វើឡើងនៅទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់ នារាត្រីថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ជាទីដែលប្រទេសអាមេនីរបស់កីឡាករ Mkhitaryan កំពុងមានភាពតានតឹងផ្នែកនយោបាយ និងមានការភ័យខ្លាចពី បញ្ហាសន្តិសុខផងនោះ។

អតីតកីឡាករនៃក្លឹប Manchester United វ័យ ៣០ឆ្នាំខាងលើនេះ បានថ្លែងប្រាប់ BBC ថា «វាជាការសម្រេចចិត្តដ៏លំបាកមួយសម្រាប់រូបខ្ញុំ ក្នុងការមិនធ្វើដំណើរទៅចូលរួមជាមួយ Arsenal ក្នុងទឹកដីដែលកំពុងមានបញ្ហា។ ខ្ញុំបានសញ្ចឹងគិតជាយូរមកហើយអំពីបញ្ហានេះ។ វាជា game មួយ ដែលមិនធានាសុខសុវត្ថិភាពសម្រាប់រូបខ្ញុំ មុនឈានដល់ការសម្រេចមិនចូលរួមដ៏គួរឲ្យសោកស្តាយបែបនេះ»

ក្រុមកាំភ្លើងធំ Arsenal នឹងទទួលបានកៅអីមួយ ដើម្បីលេងនៅ UEFA Champions League នារដូវកាលក្រោយ ប្រសិនបើពួកគេអាចយកឈ្នះ Chelsea លើកពាន Europa League ក្នុងនាមជាក្រុមដែលបញ្ចប់ទៅដោយចំណាត់ ថ្នាក់លេខ៥ ក្នុង Premier League នារដូវកាលឆ្នាំ២០១៨-២០១៩ និងក៏ជាពានអឺរ៉ុបលើកទី១ ផងដែរ គិតចាប់តាំងពីបានឈ្នះចុងក្រោយកាលឆ្នាំ១៩៩៤កន្លងទៅ៕