(ក្រុងឡុងដ៍)៖ សមាជិកថ្មីក្នុងក្លឹបតោខៀវ Chelsea, Christian Pulisic ចង់ក្លាយជាកីឡាករដ៏មានឥទ្ធិពលមួយរូបក្នុង ក្លឹបនេះ ដូចដែល Eden Hazard ធ្លាប់ធ្វើបាននាពេលកន្លងមក។

កីឡាករជនជាតិអាមេរិក ដែលទើបចុះកិច្ចសន្យាជាមួយក្លឹបដែលស្ថិតក្នុងទីក្រុង London ចក្រភពអង់គ្លេសក្នុងរយៈពេល ៥ឆ្នាំកន្លះបានថ្លែងប្រាប់ BBC ថា «វាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់ Hazard ដែលធ្លាប់ធ្វើរឿងល្អជាច្រើននៅទីនេះ។ គាត់គឺជាកីឡាករមួយរូប​ដែលត្រូវតែយកតម្រាប់តាម និងជានិម្មិតរូបរបស់ខ្ញុំថែមទៀតផង។ គាត់តែងតែរកគ្រាប់បាល់បាន និងជាកីឡាករ​ដែលអ្នកឯទៀតប្រាថ្នាលេងជាមួយ»

ទន្ទឹមគ្នាដែរ កីឡាករដែលស្ថិតក្នុងក្រុមជម្រើសជាតិអាមេរិក Pulisic បានទទូចមិនចង់ឃើញកីឡាករខ្សែបម្រើប៊ែល ហ្ស៊ិក Eden Hazard ចាកចេញពីទឹកដី Stamford Bridge ទៅកាន់ក្លឹប Real Madrid នោះឡើយ ក្រោយជំនួបវគ្គ ផ្តាច់ព្រ័ត្រដណ្តើមពាន UEFA Europa League ឆ្នាំ២០១៩ ទល់នឹង Arsenal នារាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធដែលទើបមានវ័យ ២០ឆ្នាំ Christian Pulisic ត្រូវបាន Chelsea ទិញពីក្លឹបអាល្លឺម៉ង់ Borussia Dortmund ក្នុងតម្លៃខ្លួន ៥៨លានផោន និងបានក្លាយជាកីឡាករថ្មីទី១ផងដែរដែលតោខៀវទិញបានក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨-២០១៩ នឹងត្រូវជំនួស តំណែង Eden Hazard ផងដែរ ប្រសិនបើរូបគេចាកចេញទៅ Real Madrid មែននោះ៕