(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកទី១៣ បានឈានដល់​ការប្រកួតវគ្គពាក់កណ្ដលាផ្ដាច់ព្រ័ត្រថ្ងៃនេះហើយ ដោយខេត្តសៀមរាប ត្រូវប៉ះខេត្តកោះកុង នៅកីឡដ្ឋានខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ត្រូវជួបខេត្តរតនគិរី នៅកីឡដ្ឋានខេត្តត្បូងឃ្មុំ។ ចាំមើលតើក្រុមណាខ្លះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ?

ជាមួយនឹងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ប្រ័ត្រនេះ នឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកំណត់ក្រុមឈ្នះ-ចាញ់ ហើយបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ។ លើសពីនេះ ក្រុមទទួលបានជ័យជម្នះ ក៏នឹងទទួលបានកៅអី ចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ជាមួយក្រុមសមាជិកលីគកំពូលកម្ពុជាចំនួន ១៤ក្រុម ដោយស្វ័យប្រវត្តិផងដែរ។

ដូច្នេះនេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមទាំងនីមួយៗ សុទ្ធតែត្រូវការឈ្នះ ដើម្បីមានឱកាសឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្តផង និងបានចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិផង។ ក្រោយចប់ការប្រកួត ចំពោះក្រុមឈ្នះ នឹងត្រូវជួបគ្នា នាថ្ងៃទី២៩ ខែឧសភាខាងមុខ ដើម្បីប្រជែងជើងឯកពានថ្នាក់ខេត្ត តែពុំមានការប្រកួតដណ្ដើមលេខ៣ រវាងក្រុមចាញ់ និងក្រុមចាញ់នោះទេ៕