(ក្រុងតូរីន)៖ នាពេលថ្មីៗនេះ លោក Antonio Conte បានយល់ព្រមក្នុងការចូលខ្លួនធ្វើជាគ្រូបង្វឹកដឹកនាំក្រុម Inter Milan ដែលមានមូលដ្ឋាន​ស្ថិតនៅក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A នៅរដូវកាលថ្មីឆ្នាំ២០១៩-២០២០ បន្ទាប់ពីបានចាកចេញពីក្លឹប Chelsea កាលឆ្នាំ២០១៨។ នេះបើតាម​ការចេញផ្សាយដោយ theguardian នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

លោក Conte បានបដិសេធសំណើក្លឹបធំៗមួយចំនួនមាន PSG, Bayern Munich ប៉ុន្តែនៅពេលនេះលោកនឹងចុះកិច្ចសន្យារយៈពេល ៣ទៅ៤ឆ្នាំ ជាមួយក្លឹបស្ថិតក្នុងទឹកដីកំណើត Inter Milan ដើម្បីជំនួយតំណែងលោក Luciano Spalletti នារដូវកាលឆ្នាំបន្តបន្ទាប់ តពីលោក Spalletti វ័យ ៦០ឆ្នាំ បានដឹកnA Inter Milan ឈរត្រឹមលេខរៀងទី៤ ក្នុងរដូវកាលនេះ ដោយមិនឈ្នះពានអ្វីសោះ គិតតាំងពីចូលដឹកនាំក្នុងឆ្នាំ២០១៧ មក។

គួរបញ្ជាក់ផងថា បុរសវ័យ ៤៩ឆ្នាំ Conte ជាអតីតគ្រូធ្លាប់ដឹកនាំក្រុមសេះបង្កង់ Juventus ឈ្នះពាន Serie A ៣ដង និងចុងក្រោយឈ្នះពាន Premier League និងពាន FA Cup ជាមួយតោខៀវ Chelsea ក្នុងរយៈពេល ២ឆ្នាំនៅទឹកដី អង់គ្លេស៕