(កូរ៉េ)៖ ស្រ្ដីប្រមាណជាង ១៥០០ នាក់ បានឈរនៅលើផ្លូវ ក្រោមដំណក់ទឹកភ្លៀងដើម្បីការពារដល់អំពើអយុត្តិធម៌ចំពោះការស៊ើបអង្កេតទៅលើក្លឹប Burning Sun។ ពួកគេ បានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយមួយចំនួនទៀត បានពាក់អាវភ្លៀង និង កាន់ឆ័ត្រ ជាមួយនឹងសម្លេងជះកំហឹង ស្រែកយ៉ាងខ្លាំងៗ នៅមុខអាគារ Blue House កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅនេះ។

ការប្រមូលផ្ដុំគ្នា ដែលបានចាប់ផ្តើមនៅវេលាម៉ោង ២ រសៀលថ្ងៃទី ១៩ ខែឧសភា កន្លងទៅនេះ (ពេលវេលាតំបន់កូរ៉េខាងត្បូង) បានបន្តកើនឡើង ទោះបីជាមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ ហើយនៅវេលាម៉ោង ៤ រសៀល ផ្លូវថ្នល់ ពោរពេញដោយអ្នកចូលរួមធ្វើការតវ៉ា ហើយប៉ូលីសបានបង្កើតរបងដើម្បីទប់ស្កាត់បាតុករ។

ពួកគេ បាននិយាយថា «ហេតុអ្វីបានអ្នកព្យាយាមលាក់បាំងជនឧក្រិដ្ឋជន?» យើងមិនអាចបាត់បង់បងប្អូនស្រីបន្ថែមទៀតនោះទេ ចំពោះអំពើអយុត្តិធម៌ទាំងនោះ។ ស្រ្ដីទាំងនោះ បានធ្វើការរិះគន់ជាខ្លាំង ចំពោះលទ្ធផលសំណុំរឿងនៃការស៊ើបអង្កេតទៅលើក្លឹប «Burning Sun» ដោយសារតែមន្រ្ដីប៉ូលីសផ្នែកស៊ើបអង្កេតចំនួន ១៥២នាក់ ត្រូវបានចាត់ចែង ស៊ើបអង្កេត រយៈពេល ១០៥ ថ្ងៃ ប៉ុន្តែគ្មានទទួលលទ្ធផលអ្វីជាដុំកាំភួន ទាល់តែសោះ។

ស្ត្រីទាំងនោះបានអំពាវនាវឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ទៅនឹង «Burning Sun Gate» ហើយបានអំពាវនាវទៅដល់រដ្ឋាភិបាល រដ្ឋសភា តុលាការ និងភ្នាក់ងារប៉ូលីស។ អ្នកផ្តួចផ្ដើមបាតុកម្មនេះ បានអំពាវនាវឱ្យប្រធានាធិបតី ទទួលខុសត្រូវ និងខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មដោយបុរស និងជំរុញឱ្យរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ស្តីពីការដោះស្រាយ ជាមួយនឹងការកេងប្រវ័ញ្ចស្ត្រី និងអនុម័តច្បាប់អំពើហឹង្សាប្រឆាំងនឹងការជួញដូរផ្លូវភេទ។

ទាក់ទងនឹងការឃុបឃិតគ្នារវាងក្លឹប «Burning Sun» និង ភ្នាក់ងារស៊ើបអង្កេត ក្រុមតវ៉ា ក៏អំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញមួយ ចេញមុខពីព្រះរាជអាជ្ញាជាន់ខ្ពស់ និងមន្រ្តីប៉ូលីស។

សូមបញ្ជាក់ថា ការប្រមូលផ្តុំនេះបានរៀបចំឡើងដោយ «ស្ត្រីអនាមិក» គឺស្រដៀងគ្នាទៅនឹងបាតុកម្មដែលបានធ្វើឡើងនៅស្ថានីយ Hyehwa កាលពីឆ្នាំមុន ហើយពួកគេបានប្រមូលអ្នកចូលរួមជាស្ត្រីតាមរយៈបណ្ដាញ Twitter, Instagram និង Daum cafes៕