(ថៃ)៖ កាលពីពេលថ្មីៗនេះ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលគេបានឃើញ បុរសស្រវឹងស្រាម្នាក់​បានឡើងទៅដល់លើឆាកប្រគំតន្រ្ដី ដោយបញ្ចេញអាកប្បកិរិយាមិនសមរម្យ ទៅដល់តារាចម្រៀងប្រុសវ័យក្មេង The Toys រហូតដល់ថ្នាក់តារារូបនេះត្រូវបង្ខំចិត្តបោះហ្គីតាចោលនៅកណ្ដាលឆាកប្រគំតន្រ្ដី អំឡុងពេលសម្ដែងនៅមុខទស្សនិកជនជាច្រើន។

មហាជនលេងនៅតាមសង្គមហ្វេសប៊ុក បានបង្ហោះវីដេអូមួយ នៅឯភោជនីយដ្ឋាន ដែលមាន The TOYS សម្ដែងចម្រៀងនៅលើឆាក។ ប៉ុន្តែស្របពេលដែល TOYS កំពុងសម្តែងនៅលើឆាក ក៏ស្រាប់តែមានបុរសស្រវឹងស្រាម្នាក់ បានឡើងទៅដល់លើឆាក ដោយចាប់ក្រៀកក ហើយព្យាយាមបង្ខំឲ្យតារាប្រុសរូបនេះ ផឹកស្រា។ ភ្លាមៗនោះដែរ TOYS ទំនងជាមិនពេញចិត្តនឹងទង្វើខាងលើនេះ ហើយក៏បានសម្រេចចិត្តបឈ្ឈប់ការសម្ដែង និងបោះចោលហ្គីតា នៅលើឆាកនោះតែម្ដង។

អ្នកគ្រប់គ្រងភោជនីយដ្ឋាន បានធ្វើការសម្របសម្រួល និង សុំទោសទៅកាន់តារាចម្រៀង The TOYS និង ប្រគល់ថវិកា ដល់ទស្សនិកជន ដែលមកចូលរួមទស្សនាការប្រគំតន្រ្ដីនេះវិញផងដែរ៕