(ភ្នំពេញ)៖ នៅពេលនេះតារា​ចម្រៀង ចាន់​ សម័យ មាន​ផ្ទះ​សម្បែងសម្រាប់​ឲ្យ​ប្រពន្ធ​កូន​រស់​នៅ​សមរម្យនឹង​គេ ឈប់​នៅ​ផ្ទះ​ជួល​ទៀត​ហើយ បន្ទាប់​ពី​​សម្ដេច​តេជោ ​ហ៊ុន សែន ​និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន អាណិតអាសូរ ទិញ​ផ្ទះ​ឲ្យ​​លោក​ក្នុង​បុរី​ឡេងណាវ៉ាត្រា។ ពិធី​ប្រគល់​បាន​ធ្វើ​ឡើង​នៅ ល្ងាច​ថ្ងៃ​ទី២១ ខែ ឧសភា ឆ្នាំ ២០១៩ ក្រោម​វត្តមាន​ឧកញ៉ា ឡេង ណាវ៉ាត្រា និង លោក ហេង ឡុង ស្ថាបនិក​​សមាគម​មិត្ត​​ស្ម័គ្រចិត្ត​សិល្បៈ​ជួយ​សង្គម។

ផ្ទះ​ដែល​សម្ដេច​តេជោ ​ហ៊ុន សែន ​និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន ទិញ​​ឲ្យ តារា​ចម្រៀង​ចាន់ សម័យ​នោះ គឺ​ជា​វីឡា​តឿ ​មាន​សល់​ដី​ជុំវិញ​ផ្ទះ ដែល​មើល​ទៅ​គួរឲ្យ​ចង់​របស់​នៅ​តែ​ម្ដង ស្ថិត​ក្នុង​បុរី​ឡេងណាវ៉ាត្រា​គម្រោង​ទី៦ ជិត​ផ្សារ​ទូល​ពង្រ។

ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ថ្លែង​ថា លោក​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ជំនួស​ តារា​ចម្រៀង​លោក ចាន់ សម័យ ដែល​មាន​សំណាង​ត្រូវ​បាន​សម្ដេច​ទាំង​ពីរ​​អាណិតអាសូរ ទិញ​ផ្ទះ​ឲ្យ​បែប​នេះ។ ទទឹម​គ្នា​នោះ​ដែរ សម្រាប់ លោក​ឧកញ៉ា​ថា គឺ​ជា​មោទនភាព​និង​មហា​កិត្តិយស​​​បំផុត​ដែល​សម្ដេច​បាន សម្រេច​​ទិញ​​នៅ​ក្នុង​​បុរី​ឡេងណាវ៉ាត្រា​នេះ​តែ​ម្ដង។

ក្រោយ​ពី​ទទួល​បាន​ផ្ទះ​យ៉ាង​ស្រស់​ស្អាត​ហើយ​នៅ​ក្នុង​បុរី​ក្នុង​រាជធានី​ភ្នំពេញ​ថែម​ទៀត លោក ចាន់ សម័យ បាន​សម្ដែង​អារម្មណ៍​​រំភើប​ខ្លាំង​ណាស់ ដោយ​កន្លង​មក​លោក​មិន​ធ្លាប់ ស្រមៃ​ថា និង​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​ប្រពន្ធ​កូន​ស្នាក់​នៅ​ឡើយ។ ម្ចាស់​បទ «សុំ​មេ​មាន់​មួយ» លោក​​សូម​អរគុណ​ខ្លាំង​ណាស់ដល់​សម្ដេច​ទាំង​ពីរ ដែល​មាន​ចិត្ត​ប្រោសប្រណី​ដល់​រូប​លោក​និង​ក្រុម​គ្រួសារ ដែល​ចាប់​ពី​ពេល​នេះ លោក​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​​រស់​នៅ​នឹង​គេ​ឯង ឈប់​នៅ​ផ្ទះ​ជួល​ហើយ។

ជា​មួយ​គ្នា​នេះ លោក ចាន់ សម័យ សូម​ជូនពរ​សម្ដេច​ទាំង​ពីរបានសម្រេច​នូវ​ពុទ្ធពរទាំង ៤​ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក ចាន់ សម័យ បាន​ប្រលូក​លើ​វិស័យ​ចម្រៀង​ជាង​១០​​ឆ្នាំ​ហើយ ម្ចាស់​បទ​ «សុំ​មេ​មាន់​មួយ​» ​ត្រូវ​បាន​គេ​ដឹង​ថា មាន​ជំងឺរបេង​ឆ្អឹង​ ដោយ​លោក​បាន​កើត​ជំងឺ​១នេះ​តាំង​ពី​អាយុ១៤​ឆ្នាំ​មក​ម្ល៉េះ តែ​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ខ្លាំង​ប្រហែល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បាត់​មុខ​ពី​សិល្បៈ​ជា​ច្រើន​ឆ្នាំ ហើយ​ចុង​ក្រោយ​ធ្លាយ​ព័ត៌មាន​ស្ដីពីស្ថានភាព​របស់​លោក​ជួប​ការ​លំបាក​ខ្លាំង បន្ទប់​មាន​មិត្ត​ភក្ដិ បង្ហោះ​ពី​ជីវភាព​របស់​លោក ដើរ​ស្ទូច​ត្រី​លក់ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ទាំង​៥នាក់ ដែល​កំពុង​តែ​របស់​នៅ​ផ្ទះ​ជួយ​មួយ​កន្លែង ក្នុង​ទឹក​ដី ខណ្ឌ​ជ្រោយចង្វា។ ដំណឹង​ស្ថានភាព​​ជីវភាព​របស់​លោក​ធ្វើ​ឲ្យ​មហាជន​សម្ដែង​ការ​អាណិតអាសូរ​ជា​ខ្លាំង និង​បាន​ជួយ​ឧបត្ថម្ភ​លោក​ជា​បន្ត​បន្ទាប់ ជា​ពិសេស​គឺ​សម្ដេច​ទាំង​២​តែ​ម្ដង។

ជា​មួយ​និង​ការងារ​សិល្បៈ​វិញ​លោក​មិន​ធ្លាប់​នឹក​ស្រមៃ​ថា នឹង​វិល​ចូល​សិល្បៈ​វិញ​ទេ បន្ទាប់​ពី​បាន​ស្ងប់​ស្ងាត់​ក្នុង​វិថី​នេះ​ មិន​តិច​ជាង​១០​ឆ្នាំ​។ ​ប៉ុន្តែ​ក្រោយ​ផ្ទុះ​ព័ត៌មាន​ពី​ស្ថានភាព​ក្រី​ក្រ និង​ជំ​ងឺ​របស់​លោក ហើយ​ត្រូវ​បាន​មហាជនជិត​ឆ្ងាយ​នៅ​តែ​អាណិត​ស្រលាញ់ ​នឹក​រលឹក ព្រម​ទាំង​ជួយ​ឧបត្ថម្ភ​ជា​ច្រើន ធ្វើ​ឲ្យ​លោក​កែ​ប្រែ​គំនិត​នេះ​ឡើង​វិញ។ បច្ចុប្បន្ន​​ លោក​កំពុង​តែ​ច្រៀង​​​ក្នុង​ផលិតកម្ម Galaxy របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា​នេះ​តែ​ម្ដង៕