(ប៉ារីស)៖ របាយការណ៍ដែលចេញដោយក្លឹបបារាំង Paris Saint-Germain បានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករជំនាញ រកគ្រាប់បាល់ Kylian Mbappe នឹងមិនចាកចេញពីក្លឹបនេះឡើយនារដូវកាលក្រោយ បើទោះបីជាមានក្លឹបយក្សអេស្ប៉ាញ Real Madrid បានកំពុងតែអន្ទងចិត្តគេយ៉ាងណាក៏ដោយ។

ទាំងកីឡាករស្បែកខ្មៅ សញ្ជាតិបារាំង Mbappe និង PSG នឹងបន្តសាងប្រវត្តិសាស្រ្តថ្មីទៀតជាមួយគ្នានារដូវកាល ក្រោយ ដូច្នេះច្បាស់ណាស់ គ្មានថ្ងៃកីឡាករដែលមានទើបមានវ័យ ២០ឆ្នាំរូបនេះចាកចេញពីទឹកដី Parc des Princes នេះឡើយ។

Mbappe ជា Top-Scorer ក្នុងក្របខណ្ឌ Ligue 1 នារដូវកាលនេះ ដោយរកបាន ៣២គ្រាប់ច្រើនជាងគេ និងឈ្នះពាន ក្នុងនាមជាកីឡាករវ័យក្មេង​លេងល្អប្រចាំរដូវកាលឆ្នាំ២០១៨-២០១៩ នេះថែមទៀតផង បើទោះបីជាជួយ PSG ឈ្នះ ពានលីគកំពូលបារាំងបានតែ១ ក៏ដោយ។

កីឡាករដែលជួយឲ្យក្រុមជម្រើសជាតិមាន់គកបារាំងឈ្នះជើងឯក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីថ្មីៗនេះ បានកំពុងតែឈរនៅលំដាប់លេខ២ ក្នុងនាមជាកីឡាករមានតម្លៃខ្លួនថ្លៃជាងគេលើលើកមានដល់ទៅ ១៦៦លានផោន ដែលត្រូវបាន PSG ទិញពីក្លឹបរួម Ligue 1, AS Monaco ក្នុងឆ្នាំ២០១៧ បន្ទាប់ពីមិត្តរួមក្រុម Neymar ដែលត្រូវបាន ទិញពីក្លឹប FC Barcelona នៃប្រទេសអេស្ប៉ាញ៕