(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធ Gareth Bale បានទាមទារទឹកប្រាក់ប្រមាណ ១៧លានអឺរ៉ូ ស្មើនឹង ១៨.៩៦លានដុល្លារ ពីក្លឹប Real Madrid ជុំវិញ​ការផ្ទេរទៅកាន់ក្លឹបផ្សេង។ ដោយការលើកឡើងនេះនៅពេលដែលរូបគេបានត្រឹមអង្គុយនៅកៅអីបម្រុង ក្នុងការប្រកួតចុងក្រោយរបស់ Real Madrid បានចាញ់ក្លឹប Real Betis ២-០ នៃក្របខណ្ឌអេស្ប៉ាញ La Liga ក្នុងទឹកដី Santiago Bernabeu នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

តាមការឲ្យដឹងពីភ្នាក់ងារ Radioestadio បានឲ្យដឹងថា Bale ត្រូវបានលោក Zinedine Zidane កោះហៅចូលក្នុងការប្រកួតចុងក្រោយ តែបានត្រឹមអង្គុយមើលតែប៉ុណ្ណោះ ហើយកីឡាកររូបនេះបានលើកឡើងថា រូបគេគឺនៅសល់កិច្ចសន្យា ៣ឆ្នាំទៀតជាមួយក្លឹប តែបើសិនណាក្លឹបចង់លក់រូបគេនោះ Real Madrid ត្រូវតែផ្តល់ជាទឹកប្រាក់ប្រមាណ ១៨.៩៦លានដុល្លារ ឲ្យរូបគេក្នុងមួយរដូវកាលបន្ថែមទៀត។

គួរបញ្ជាក់ផងថា កីឡាករខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំ Gareth Bale សញ្ជាតិវែល ត្រូវបានក្លឹប Madrid នាំយកមកពីក្លឹប Tottenham Hotspur កាលឆ្នាំ២០១៣ ក្នុងតម្លៃប្រមាណ ១០១លានអឺរ៉ូ ដោយគិតមកដល់បច្ចុប្បន្ន រូបគេបានង្ហាញខ្លួនលើទីលាន ២២៥ប្រកួត រកបាន ៩៧គ្រាប់ និងលេងបានតែ ២១ប្រកួត រកបាន ៨គ្រាប់ក្នុងរដូវកាលឆ្នាំ២០១៩នេះ៕