(ភ្នំពេញ)៖ ខណៈដែលបងប្អូនជាពុទ្ធរិស័ទ ទូទាំងប្រទេសកំពុងតែប្រារព្ធ និងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងថ្ងៃបុណ្យវិសាខបូជា ជាពិធីបុណ្យមួយដ៏ធំ ក្នុងព្រះពុទ្ធសាសនាហើយនោះ សម្រាប់តារាសម្ដែងកំពុងមានប្រជាប្រិយភាព និងច្រើនតែទទួលបានតំណែងជាតួឯក អ្នកនាង សុខ សោម៉ាវត្តី បានពោលពាក្យជាច្រើនឃ្លា ក្នុងន័យដាស់តឿនដល់មនុស្សគ្រប់រូប ឲ្យមានចិត្តជ្រះថ្លា កុំគំគួនគ្នា កុំស្អប់គ្នា និងចង់បានអ្វីដែលមិនមែនជារបស់ខ្លួន នាំឲ្យកើតក្ដីក្ដៅក្រហាយ គ្មានក្ដីសុខក្នុងខ្លួន ឬគ្រួសារនោះឡើយ។
ស្ថិតនៅក្នុងថ្ងៃបុណ្យវិសាខបូជា តារាសម្ដែង និងពិធីការិនី សុខ សោម៉ាវត្តី ដាក់មួយប្រយោគ គួរឲ្យចាប់អារម្មណ៍ថា «វត្ថុទាំងឡាយណា ដែលអ្នកដទៃបានឲ្យមកអ្នក ហើយអ្នកមិនទទួល ដូច្នេះហើយវត្ថុទាំងឡាយនោះ រមែងនៅតែជារបស់គេ, ន័យត្រង់ គឺការស្អប់ខឹងគុំគួនជេរប្រទិចបណ្ដាសារ ឬការគិតអាក្រក់មកលើអ្នក បើអ្នកកុំខ្វល់កុំគិតកុំទទួលវត្ថុ ក្ដៅក្រហាយទាំងនោះ គឺនៅតែឲ្យជាប់និងទ្រូងម្ចាស់កំដៅនោះ..!»។
សុខ សោម៉ាវត្តី បានសរសេរបន្តថា «ការឆ្លើយតប និងមនុស្សគិតអវិជ្ជមាន រមែងបាននូវអ្វីអវិជ្ជមានមកវិញ ដូច្នេះវាជាទំលាប់ទៅហើយ ដែលខ្ញុំមិនខឹងមិនតបត អ្វីដែលយើងគិតល្អ គឺនៅតែក្នុងចិត្តយើងបានហើយ មិនចាំបាច់ត្រូវអ្នកដទៃដឹងឬយល់ទេ ព្រោះគិតល្អធ្វើល្អមិនបានចង់បាន Aattention (យកចិត្តទុកដាក់) ពីអ្នកណាទេ, ស្មោះត្រង់ ធ្វើល្អ គិតល្អ អ្វីដែលអ្នកទទួលបាន គឺសេចក្ដីសុខផ្លូវចិត្ត (ថ្ងៃពិសាខបូជា)»។
ជាការកត់សម្គាល់ តាមរយៈការបង្ហាញប្រយោគ ទាក់ទងទៅនឹងការអប់រំផ្លូវចិត្ត ពីសំណាក់តារាសម្ដែង សុខ សោម៉ាវត្តី នៅពេលនេះ គឺត្រូវបានមហាជន និងអ្នកគាំទ្រមើលឃើញថា តារាសម្ដែងរូបនេះ កំពុងតែញាំញីទៅដោយបញ្ហាក្នុងជីវិតឯកជនរបស់ខ្លួន ដោះស្រាយមិនទាន់ចេញ និងតែងតែទទួលបានការសួរនាំ ក្នុងមន្ទិលសង្ស័យជាច្រើន ពីសំណាក់អ្នកគាំទ្រ។ ប៉ុន្តែ សុខ សោម៉ាវត្តី រមែងឆ្លើយតបទៅវិញ ក្នុងន័យមិនដូចអ្វីដែលបានកើតឡើង ជាក់ស្ដែងឡើយ។
សុខ សោម៉ាវត្តី ត្រូវបានអ្នកគាំទ្រ កត់សម្គាល់ឃើញថា បន្ទាប់ពីទទួលជោគជ័យចំពោះអាជីពសិល្បៈរបស់ខ្លួន ដ៏ត្រចះត្រចង់ហើយនោះ ងាកមកមើលជីវិតស្នេហារបស់នាងវិញ គឺពុំទទួលបានជោគជ័យនោះទេ ដោយនាងបានលែងលះជាមួយស្វាមីពេញច្បាប់ គឺលោក ទូច សុខណារ៉ា ហៅពេជ្រ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានងាកមកសិ្នទ្ធស្នាល យ៉ាងស្អិតល្មួតជាមួយនឹងលោក លី វ៉ាហេទ ប្រៀបបីដូចជាប្ដីប្រពន្ធ ប៉ុន្តែអ្នកទាំងពីរមិនដែលទទួលស្គាល់ ទំនាក់ទំនងដូចស្រមោច និងស្ករមួយនេះទេ៕