(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអង្គរថាយហ្គឺរ បានបន្ដកំណត់ត្រាមិនស្គាល់ចាញ់ដដែល បន្ទាប់ពីប្រកួត ដ៏ស្វិតស្វាញពេញ ៩០នាទី បានត្រឹមស្មើគ្នា ១-១ ស្របពេលក្រុមណាហ្គាវើល បានធ្វើឲ្យអ្នកគាំទ្រ (Fan) របស់ក្រុមភ្នំ ពេញក្រោន កាន់តែខកចិត្ត និងអស់ជំនឿលើគ្រូបង្វឹកលោក Leonordo Vitorino ក្រោយយកឈ្នះ ៣-០ នៅកីឡដ្ឋានស្ដាតចាស់។
សម្រាប់ការប្រកួតដ៏កក្រើកនៅកីឡដ្ឋានស្វាយរៀងយប់មិញ ក្រុមអង្គរថាយហ្គឺរ គឺជាអ្នកបំបែកពងមាន់ក្រុមម្ចាស់ផ្ទះបានមុន ដោយកីឡាករ តាំង សុភ័ក្ដ្រ នៅនាទី៦៤ ក្រោយប្រកួត ៤៥នាទីដំបូងស្មើគ្នា ០-០។ លុះឈានដល់ចុងម៉ោង ទើបកីឡាករ Kobayashi Daisuke រកបាន ១គ្រាប់ឲ្យក្រុមព្រះខ័នរាជស្វាយរៀង ហើយក៏ជាគ្រាប់បាល់ធ្វើឲ្យក្រុមទាំងពីរចែកគ្នា ១ពិន្ទុម្នាក់ផងដែរ បន្ទាប់ពីការព្យាយាមស្វែងរកគ្រាប់បាល់បន្ថែម ក្នុងម៉ោងបន្ថែម ៩នាទីចុងក្រោយមិនបានសម្រេច។
ទន្ទឹមជាមួយគ្នា ក្រុមណាហ្គាវើល បានបង្ហាញភាពខ្លាំងក្នុងលីគដដែល ក្រោយបានយកឈ្នះក្រុមភ្នំពេញក្រោន ៣-០។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមលោក មាស ចាន់ណា គឺធ្វើសម្រេចដោយកីឡាករ Gurbani Amir ២គ្រាប់ និងកីឡាករ Omogba ១គ្រាប់។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្រោយចប់ការប្រកួត គេឃើញមានអ្នកគាំទ្រក្រុមភ្នំពេញក្រោនមួយចំនួន បានធ្វើការរិះគន់ ចំពោះលទ្ធផលនេះ ដ្បិតឆ្លងកាត់ ៦ប្រកួតកន្លងមក ភ្នំពេញក្រោន បានរងបរាជ័យ ៤ប្រកួតឯណោះ រហូតមានអ្នកខ្លះ បញ្ចេញមតិបណ្ដេញគ្រូបង្វឹកទៀតផង។
ដោយឡែកលទ្ធផលគូពិសេសផ្សេងៗរួមមានក្រុមវិសាខា បានលត់ក្រុមខេត្តកំពង់ចាម ១៤-០, បឹងកេត ឈ្នះក្រុមយុវជនបាទី U-18 ៣-១, ក្រុមអាស៊ីអឺរ៉ុប ស្មើក្រុមអគ្គិសនីកម្ពុជា ២-២, ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ រងបរាជ័យក្រោមថ្វីជើងក្រុមគិរីវង់សុខសែនជ័យ និងក្រុមសូលទីឡូអង្គរ ស្មើក្រុមក្រសួងការពារជាតិ ១-១។
ផ្អែកតាមលទ្ធផលខាងលើ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងមាន ១៦ពិន្ទុ ជាមួយលទ្ធផល ៦ប្រកួត ឈ្នះ៥ និងស្មើ១ គ្រាដែលណាហ្គាវើល បន្ដឈរលេខ២ មាន ១៥ពិន្ទុ។ ឯក្រុមវិសាខា និងក្រុមបឹងកេត ឡើងមកឈរលេខ៣ និងលេខ៤ ដោយមាន ១៣ពិន្ទុស្មើគ្នា៕