(ចិន)៖ ក្រុមអ្នកពន្លត់អគ្គិភ័យ បានជួយសង្រ្គោះក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលទៅក្នុងអណ្ដូងទឹកជម្រៅមួយ ស្ថិតនៅក្នុងភូមិមួយ នៃទីក្រុង Changzhou ខេត្ត Jiangsu ភាគខាងកើតប្រទេសចិន។

តាមការឲ្យដឹងពីបងស្រីរបស់កុមារីអាយុ ៤ឆ្នាំនេះ បានឲ្យដឹងថា ដោយសារខ្លួនរវល់នឹងការបោកអ៊ុតខោអាវ ដូច្នេះទើបបានជា​នាងមិនបានមើលការខុសត្រូវប្អូនឲ្យបានដិតដល់ ដែលជាហេតុធ្វើឲ្យប្អូនស្រីរបស់ខ្លួន ធ្លាក់ចូលទៅក្នុងអណ្ដូង។ ភ្លាមៗនោះនាងក៏បានទូរស័ព្ទហៅក្រុមអ្នកពន្លត់អគ្គិភ័យ ដើម្បីសុំជំនួយ។

អ្នកភូមិនៅក្បែរនោះ ធ្វើខ្សែពួរចំនួន ២ខ្សែ ដើម្បីជួយសង្រ្គោះក្មេងស្រីនោះ តោងខ្សែ កុំឲ្យឈ្លក់ទឹក រង់ចាំរហូតដល់ក្រុមអ្នកជួយសង្រ្គោះមកដល់។ បន្តិចក្រោយមកក្រុមអ្នកពន្លត់អគ្គិភ័យបានមកដល់ ហើយបានចុះទៅក្នុងអណ្ដូង ដើម្បីជួយសង្រ្គោះក្មេងស្រីរូបនោះ។ ជាសំណាងល្អ គេអាចជួយនាងបានទាន់ពេលវេលា៕