(ចិន)៖ ជាទូទៅលោកអ្នកធ្លាប់តែឃើញផ្ទាំងគំនូរធំៗនានា គូដោយទឹកខ្មៅ ឬក៏គំនូរប្រេងជាដើម ប៉ុន្តែពេលនេះវិចិត្រករចិន ដែលមានឈ្មោះថា Yuan Hongbin បានបង្កើតរូបគំនូរចេញពីកប្បាស។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New China TV នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។
វិចិត្រករ Yuan Hongbin បាននិយាយថា «ខ្ញុំបានរៀនពីទ្រឹស្តីនៃការគូរគំនូរជាមួយកប្បាស។ ក្នុងឆ្នាំ ១៩៧៩ ខ្ញុំបានមកទីក្រុង និងធ្វើការក្នុងរោងចក្រវាយនភណ្ឌមួយកន្លែងក្នុងខេត្ត Anhui។ នៅអំឡុងពេលនោះ ខ្ញុំឆ្លងកាត់ការហ្វឹកហាត់ការងារ ហើយក៏បានជួបមិត្តភ័ក្តមួយចំនួន ដែលជាអ្នកគូរគំនូរ ហើយពេលនេះខ្ញុំពិតជាចាប់អារម្មណ៍ការគូរគំនូរជាខ្លាំង។ ពេលបញ្ចប់ការហ្វឹកហាត់ការងារ ខ្ញុំបានត្រឡប់ទៅរោងចក្រវិញ ហើយគិតថាខ្ញុំអាចគូរដូចគេ។ ខ្ញុំធ្លាប់គិតថា បើប្រើកប្បាសដើម្បីគូរ ប្រហែលជាស្រួលជាងដែក ព្រោះដែករឹងណាស់ ប៉ុន្តែកប្បាស ងាយស្រួលនឹងកាត់ ហើយទន់»។
លោកបន្តថា «ការគិតបែបនេះ ហាក់បីជារឿងមួយផ្តល់កម្លាំងចិត្តដល់ខ្ញុំ ជាមួយនឹងស្រទាប់ធម្មជាតិរបស់វា ព្រោះកប្បាសអាចយកមកផាត់ និងអាចយកមករចនាបានតែម្តង ដោយករត្រដុស រុញ បង្វិល និងកាត់ជាដើម តាមអ្វីដែលយើងរចនា... ប៉ុន្តែកប្បាសអាចផ្តល់ផលប៉ះពាលផ្សេងៗគ្នា។ ពេលយើងចាប់ផ្តើមគូរជាមួយកប្បាសដំបូង ត្រូវគូរផ្ទាំងខ្មៅ ហើយត្រូវគូរប្លង់ជាមុនសិន ដើម្បីឱ្យប្រាកដថាយើងចង់គូររូបអ្វីឱ្យច្បាស់ បន្ទាប់មកត្រូវយកកប្បាសធ្វើជាស្រឡាយបន្ទះៗ តាមទំហំ និងចំនួនមួយសមល្មមនឹងគំនូរ...»។
វិចិត្រករលោក Yuan Hongbin បន្ថែមថា «គំនូរដ៏ល្អអាចធ្វើឱ្យអ្នកមានអារម្មណ៍រំភើបសប្បាយរីករាយ។ វាត្រូវការការច្នៃប្រឌិតខ្ពស់ និងការព្យាយាមអត់ធ្មត់ខ្លាំង ទើបសម្រេចបានលទ្ធផលល្អ។ ពេលខ្លះអ្នកគិតថា អ្នកអាចធ្វើវាបានល្អបំផុត ប៉ុន្តែមិនយូរប៉ុន្មានអ្នកធ្វើវាមិនបាន ហើយក៏ចាប់ផ្តើមឡើងវិញ។ ដូច្នេះការគូរគំនូរ ទាមទារឲ្យមានការច្នៃប្រឌិតខ្ពស់ និងការហ្វឹកហាត់ឲ្យបានច្រើន បូកទាំងការអត់ធ្មត់»។