(ម៉ាឌ្រីដ)៖ ប្រភពពីសារព័ត៌មាន AS នៃប្រទេសអេស្ប៉ាញបានចេញផ្សាយថា ក្លឹបអធិរាជស Real Madrid បានព្រមព្រៀងលើតម្លៃផ្ទេរចំនួន ៥១លានផោនសម្រាប់កីឡាករខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Luka Jovic ពីក្លឹបអាល្លឺម៉ង់ Eintracht Frankfurt ជាផ្លូវការហើយ។

កីឡាករអន្តរជាតិស៊ែប៊ីរូបនេះ នឹងក្លាយជាសមាជិកថ្មីក្នុងក្លឹបយក្សអេស្ប៉ាញ បន្តការខកចិត្តដល់គូប្រជែងតោខៀវ Chelsea ដែលចង់បាន Jovic នៅរដូវកាលដោះដូរកីឡាករនាខែកក្កដា ឆ្នាំ២០១៩ ខាងមុខ ក្រោយពេលតារាវ័យក្មេង Luka Jovic រកបាន ២៦គ្រាប់គ្រប់ការប្រកួតរបស់ Frankfurt នារដូវកាលនេះ និងកំពុងនាំក្រុមលេងនៅ Bundesliga ឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League ថែមទៀតដែលត្រូវប៉ះ Chelsea។

អតីតកីឡាករនៃក្លឹបព័រទុយហ្គាល់ Benfica ខាងលើ ត្រូវបានរំពឹងថា នឹងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ Real Madrid ក្នុងខណៈ Frankfurt នឹងទទួលបាន ៤១លានផោនក្នុងតម្លៃផ្ទេរ ខណៈ Benfica នឹងទទួលបាន ១០លានផោនពីការឲ្យ Frankfurt ខ្ចីកីឡាកររូបនេះកាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ៕