(ភ្នំពេញ)៖ ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំនៃក្លឹបបាល់ទាត់ភ្នំពេញក្រោនកំពុងមមាញឹកក្នុងការចូលរួមព្រឹត្តិការណ៍ចំនួន២ រួមមានពាន KMH Cup 2019 និងពាន Youth League 2019 ស្របពេលលោក ម៉ក់ ភារុណ គ្រូបង្វឹកក្រុមយុវជននៃក្លឹបនេះជុំវិញបញ្ហាកម្លាំង។

តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារក្លឹបបាល់ទាត់ភ្នំពេញក្រោន លោកគ្រូបង្វឹកក្រុមថ្នាល U17 រូបនេះបានលើក ឡើងថា «វាជាឱកាសល្អមួយដែលយើងបានលេងច្រើននៅលើទីលាន ចំពោះការប្រកួតពានរង្វាន់ KMH Cup 2019 យើងបានឡើងទៅវគ្គបន្តហើយ និងត្រូវប្រកួតនៅថ្ងៃសៅរ៍ ទី៤ ខែឧសភា ចំណែកការប្រកួតពាន Youth League 2019 គឺជាការរៀបចំដោយដៃគូសហការឧបត្ថម្ភធំរបស់ក្លឹបភ្នំពេញក្រោន ដូច្នេះទោះជារវល់យ៉ាងណាក៏ពួកយើងត្រូវតែចូលរួមឲ្យខានតែបានដែរ»។

អ្វីដែលសំខាន់ផងនោះ អតីតកីឡាកររបស់ក្រុមភ្នំពេញក្រោនរូបនេះបានបន្ថែមទៀតថា «បញ្ហាចម្បងរបស់យើងនៅពេលនេះគឹកីឡាករមួយចំនួនមានបញ្ហារបួស ប៉ុន្តែសម្រាប់ការប្រកួត Youth League 2019 យើងអាចបន្ថែមកីឡាករថ្មីៗមួយចំនួនទៀតបាន ព្រោះពួកយើងលេងក្នុងកម្រិតអាយុ២០ឆ្នាំ»

មួយវិញទៀត បញ្ហាអាកាសធាតុក៏អាចប៉ះពាល់ដល់លទ្ធផលនៃការប្រកួតដែរ ព្រោះនៅពេលនេះពួកយើងលេង២ព្រឹត្តិការណ៍ ហើយសុទ្ធតែថ្ងៃចុងសប្តាហ៍ និងក្រោមអាកាសធាតុក្តៅខ្លាំង បន្ថែមពីលើនឹងយើងលេងមួយសប្តាហ៍២ប្រកួតជាប់គ្នា ដូច្នេះក៏វាអាចមានបញ្ហាមួយចំនួនផងដែរ ប៉ុន្តែយើងនឹងព្យាយាមធ្វើបានល្អសម្រាប់ការប្រកួតទាំងអស់។

សូមបញ្ជាក់ផងថា សម្រាប់ថ្ងៃសៅរ៍ ទី៤នេះ ក្រុមកីឡាករអាយុក្រោម១៧ឆ្នាំភ្នំពេញក្រោននឹងប្រកួតជាមួយក្រុមព្រះខ័នរាជស្វាយរៀង អាយុក្រោម១៧ឆ្នាំ ក្នុងពាន KMH Cup 2019 នាម៉ោង៤ល្ងាច ហើយសម្រាប់ថ្ងៃអាទិត្យ ទី៥ ពួកគាត់ក៏ត្រូវបន្តប្រកួតជាមួយក្រុមព្រែកប្រាកីឡា នៅកីឡដ្ឋាន RSN នាម៉ោង ២រសៀល ក្នុងពាន Youth League 2019៕