(ឥណ្ឌូនេស៊ី)៖ អ្នកលេងគុនខ្មែរ ចាន់ រតនា បានធ្វើឲ្យអ្នកគាំទ្រមានមោទនៈភាពជាខ្លាំង ក្រោយយផ្ដួលកីឡាករ Rudy Agustian របស់ឥណ្ឌូនេស៊ី ដោយប្រើរយៈពេលត្រឹម ២ទឹក សម្រាប់ការប្រកួតក្នុងទ្រុងលើសង្វៀន ONE: FOR HONOR នៅប្រទេសឥណ្ឌូនេស៊ី កាលពីយប់មិញ។

ការប្រកួតដ៏ជក់ចិត្តនេះ អ្នកគាំទ្រកម្ពុជា ស្ទើរតែអស់សង្ឃឹមទៅហើយ បន្ទាប់ពី ចាន់ រតនា ត្រូវជើងខ្លាំងម្ចាស់ផ្ទះ ប្រើស្នៀតឃ្លេចាប់ជាប់ជាច្រើនលើក្នុងទឹកទី១។ តែគួរឲ្យសរសើរក្នុងនាមអ្នកប្រយុទ្ធកម្ពុជា រតនា បានប្រើស្នៀតពិសេសរបស់ខ្លួន ដោយព្យាយាមយ៉ាងខ្លាំង ដើម្បីដោះឃ្លេរបស់ Rudy រហូតបានសម្រេច។

ចូលទឹកទី២ ចាន់ រតនា បានសម្រុកវាយវិញ ដ្បិតជាប់ឃ្លេកីឡាករឥណ្ឌូនេស៊ីម្ដងម្កាល ដែល Rudy មិនអាចរារាំងការខំប្រឹងរបស់ រតនា បានឡើង។ ទីបំផុសជើងខ្លាំងគុនខ្មែររូបនេះ បានព្យាយាមទាត់ផង ប្រើកណ្ដាលដៃ និងជង្គង់ផង ដើម្បីផ្ដួលកីឡាករ Rudy នៅចុងទឹកទី១ និងធ្វើឲ្យកីឡាករឥណ្ឌូនេស៊ីរូបនេះ ស្គាល់ចាញ់លើកដំបូង លើសង្វៀន ONE ផងដែរ។

ក្រឡេកទៅចាប់អារម្មណ៍កីឡាការិនី នៅ ស្រីពៅ ដែលប្រកួតបន្ទាប់វិញ យប់មិញ ស្រីពៅ ធ្វើបានយ៉ាងល្អ តែមិនអាចយកឈ្នះកីឡាការិនីដ៏មានបទពិសោធន៍របស់ឥណ្ឌូនេស៊ី Priscilla Hertati Lumban Gao ក្រោយឆ្លងកាត់ការប្រកួត ៣ទឹកចាញ់ដោយពិន្ទុ។ ប៉ុន្ដែក្រឡេកមើលបច្ចេកទេស សម្រាប់ការបង្ហាញវត្តមានលើកទី២ លើសង្វៀន ONE របស់ ស្រីពៅ គឺមិនចាញ់កាលពីនាងយកឈ្នះកីឡាការិនីជើងខ្លាំងថៃ Rika នោះទេ៕