(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ក្នុងទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ ដែលគ្រោងរៀបចំនាថ្ងៃទី១៦ ខែមិថុនាខាងមុខ NOCC នឹងបញ្ជ្រាបអត្ថន័យថ្មីមួយទៀត ក្នុងព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ គឺការផ្សព្វផ្សាយអំពីការត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម (SEA-Games) លើកទី៣២ នាឆ្នាំ២០២៣។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំនេះគឺជាឆ្នាំយើងត្រូវពង្រីកសក្ដានុពល និងអនុវត្តផែនការ SEA-Games 2023 អញ្ចឹងរាល់ម៉ារ៉ាតុងទាំងអស់ យើងនឹងបញ្ជ្រាបអត្ថន័យមួយទៀត អំពីការផ្សព្វផ្សាយការធ្វើម្ចាស់ផ្ទះ SEA-Games 2023។ អញ្ចឹងឆ្នាំនេះ យើងនឹងពង្រឹងលទ្ធភាពរបស់យើង ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏ធំនេះ និងរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងរបស់យើងឲ្យកាន់តែធំ និងជោគជ័យថ្មីៗថែមទៀត»។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេម លើកទី៣២ រូបនេះបន្ដថា មកទល់ពេលនេះ ចំពោះទិវារត់ប្រណាំងភ្នំពេញ ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៩ ឆ្នាំ២០១៩ បានទទួលអ្នកចុះឈ្មោះចូលរួមជាង ១,០០០នាក់ហើយ។ ប៉ុន្ដែទម្រាំដល់ថ្ងៃរាល់ផ្លូវការ លោករំពឹងថា ព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងទាក់ទាញអ្នកចូលរួមមិនតិចជាងឆ្នាំមុនឡើយ ខណៈកាលពីឆ្នាំ២០១៨ មានអ្នករត់ប្រមាណ ៥,០០០នាក់។ ម្យ៉ាងបច្ចុប្បន្នកំពុងមានអ្នកសម្រុកចុះឈ្មោះច្រើនទាំងភ្ញៀវជាតិ និងអន្ដរជាតិ។
ចំពោះគោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍នេះ គឺដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូរ ក៏ដូចជាចូលរួមផ្សព្វផ្សាយការរត់ ដើម្បីទីក្រុងស្អាត-បៃតង និងប្រមូលថវិកាសប្បុរសជន ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋាជាដើម។ ចំពោះវិញ្ញាសាត្រូវរត់ រួមមានរត់លើចម្ងាយផ្លូវ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ដោយចេញពីដំណើរពីមុខព្រះបរមរាជវាំងផ្ទាល់តែម្ដង៕