(ភ្នំពេញ)៖ កីឡាករចាំទីវ័យ១៨ឆ្នាំ សាវែង សំណាង បានកំណត់គោលដៅយក ៣ពិន្ទុពីគូប្រជែងណាហ្គាវើល ក្នុងលីគ កំពូលកម្ពុជាចុងសប្តាហ៍នេះ បន្ទាប់ពីជួយភ្នំពេញក្រោនរកបាន ៣ពិន្ទុកាលសប្តាហ៍មុន ដោយរក្សា Clean Sheet ក្នុងចំណោម ២ប្រកួតរបស់គេ។

សំណាង ដែលបានបង្ហាញខ្លួនយ៉ាងល្អក្នុងជំនួបមុនទល់នឹងអាស៊ីអឺរ៉ុប​ មានបំណងប្រាថ្នាមួយក្នុងការប្រកួតនេះ ដោយកំណត់ថា នឹងយក ៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះណាហ្គាវើលឲ្យបាន ដោយសង្ឃឹមទៅលើមិត្តរួមក្រុមថានឹងធ្វើបានល្អផងដែរ។

ឆ្លងកាត់ការប្រកួតចំនួន៥លើក ក្រោនលេងឈ្នះតែ២លើកប៉ុណ្ណោះ និងឈរនៅលេខរៀងទី៩ បណ្តោះអាសន្នផងដែរ។ ទោះបីជាការប្រកួតមុនៗ ក្រុមមិនសូវធ្វើបានល្អក្តី ក៏អ្នកចាំទីវ័យក្មេងរូបនេះនៅតែមានក្តីរំពឹងទុកខ្ពស់សម្រាប់ការប្រកួតបន្ទាប់ និងភាពរីកចំរើនរបស់ក្រុមដដែលដោយបានលើកឡើងថា «ការប្រកួតបន្ទាប់យើងត្រូវប៉ះក្រុមការពារតំណែងជើងឯកណាហ្គា ដែលជាការប្រកួតលំបាកសម្រាប់ពួកយើងមិនខាន ខណៈគូប្រជែងសំបូរទៅដោយកីឡាករមានបទពិសោធន៍ថែមទៀត»

៣ពិន្ទុបន្ថែមគឺពិតជាសំខាន់ខ្លាំងណាស់ ដើម្បីកុំឲ្យលេខរៀងរបស់ក្រោននៅឆ្ងាយពីក្រុមខ្លាំងៗផ្សេងទៀត៕