(ជប៉ុន)៖ គូស្នេហ៍ជនជាតិជប៉ុនជាច្រើនគូបានតម្រង់ជួរ ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍ រស់នៅជាមួយគ្នាដោយស្របច្បាប់។ ប្រជាជនជប៉ុនបាននាំគ្នាសម្រុកចុះសំបុត្រអាពាហ៍ពិពាហ៍ ស្របពេលដែលអធិរាជថ្មីនៃប្រទេសជប៉ុន គឺព្រះអង្គម្ចាស់ Naruhito បានឡើងសោយរាជ្យ ក្លាយជាអធិរាជថ្មីនៃប្រទេសជប៉ុន ក្នុងសករាជថ្មីដែលហៅថា Reiwa។
ការិយាល័យរដ្ឋាភិបាលនៃតំបន់ Chiyoda ក្នុងទីក្រុងតូក្យូ បានឲ្យដឹងថា គូស្នេហ៍រាប់សិបនាក់បានរង់ចាំចុះអេតាស៊ីវិលជាផ្លូវការ។ Chiyoda គឺជាតំបន់មួយស្ថិតនៅក្នុងទីក្រុងតូក្យូ ដែលរួមបញ្ចូលទាំងព្រះបរមរាជវាំង។ គេក៏បានបង្កើតបដាមួយដោយសរសេរពាក្យ Reiwa ដើម្បីឲ្យគូស្នេហ៍បានថតរូបផងដែរ។ គូស្នេហ៍អាយុ ២៦ឆ្នាំមួយគូរ ដែលមានឈ្មោះថា Ryo Hayasaka និង Haruka Miyajima បានបង្ហាញក្ដីរំភើប និងរីករាយដែលពួកគេបានរៀបអាពាហ៍ពិពាហ៍ នៅក្នុងសករាជថ្មី កំឡុងពេលថ្ងៃបុណ្យជាតិឈប់សម្រាក។ នាង Haruka Miyajima បាននិយាយថា នាងពិតជាមានអារម្មណ៍ត្រេកអរ ហើយក៏រំភើបខ្លាំងណាស់ដែរ។ នាងពិតជាសប្បាយចិត្ត ដែលបានរៀបការនៅអំឡុងពេលដែលសករាជថ្មីបានចាប់ផ្ដើម៕