(ស៊ីដនី)៖ ក្រុមកីឡាករ-កីឡាការិនី នៃកីឡាវាយសីកម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយត្រៀមធ្វើការប្រកួតនារសៀលនេះ ក្រោយផ្ដួលក្រុមម្ចាស់ផ្ទះអូស្ដ្រាលី និងម៉ាឡេស៊ីជាបន្ដបន្ទាប់ ក្នុងព្រឹត្តិការណ៍ Arafura Games 2019 នៅទីក្រុង Darwin ប្រទេសអូស្ដ្រាលី។

លោក ជាម សុភា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងពីប្រទេសអូស្ដ្រាលីថា ចំពោះលទ្ធផលប៉ះអូស្ដ្រាលី កាលពីថ្ងៃទី០១ ខែឧសភា គឺបានយកឈ្នះម្ចាស់ផ្ទះ ៧-១ លើវិញ្ញាសាឯកត្តជនបុរស ២ប្រកួត, ឯកត្តជននារី ១ប្រកួត, វិញ្ញាសាវាយគូបុរស ២ប្រកួត និងវិញ្ញាសាវាយគូបុរស-នារី ២ប្រកួត។

បន្ទាប់មកនៅថ្ងៃទី០២ ខែឧសភាម្សិលមិញ ពួកគេបន្ដធ្វើបានល្អ ដោយយកឈ្នះក្រុមម៉ាឡេស៊ី ៦-២ រួមមានប្រកួតឈ្នះលើវិញ្ញាសាវាយទោលបុរស ១ប្រកួត, វិញ្ញាសាវាយទោលនារី ២ប្រកួត, វាយគូបុរស ១ប្រកួត, វាយគូនារី ១ប្រកួត និងវាយគូបុរសនារី ១ប្រកួត។ ជ័យជម្នះនេះ​បានជួយឲ្យក្រុមកីឡាវាយសីកម្ពុជា បន្ដឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវជួបប្រទេសហ្វីលីពីននារសៀលថ្ងៃសុក្រនេះ។

អគ្គលេខាធិការរងសហព័ន្ធដដែលបានបន្ដថា បេសកកម្មរបស់ក្រុមកីឡាវាយសីកម្ពុជានេះ គឺទទួលបានការឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាឧបត្ថម្ភថ្លៃធ្វើដំណើរពីសហព័ន្ធ សមាគម និងសហព័ន្ធកីឡាវាយសីអូស្ដ្រាលីផងដែរ៕