(បរទេស)៖ កីឡាករបាល់ទាត់ដ៏កំពូល Cristiano Rolnaldo បានលេចឭពាក្យចចាមអារ៉ាមថា លោកបានក្លាយជាម្ចាស់រថយន្តដ៏ទំនើប ដែលមានតម្លៃថ្លៃបំផុត និងមានតែមួយគ្រឿងប៉ុណ្ណោះលើពិភពលោក។
តាមរបាយការណ៍បានបង្ហាញថា ខ្សែប្រយុទ្ធរបស់ក្លិប Juventus រូបនេះ បានចំណាយលុយជាង ១២លានដុល្លារអាមេរិក ដើម្បីទិញរថយន្តដែលមានតែមួយគ្រឿងគត់លើពិភពលោក ស៊េរី Bugatti La Voiture Noire ដែលជារថយន្តម៉ូដែលចុងក្រោយបង្អស់ ដោយទើបតែដាក់បង្ហាញនៅក្នុងកម្មវិធី The Geneva Motor Show 2019 ដែលជាព្រឹត្តិការណ៍បង្ហាញចេញរថយន្តស៊េរីទំនើបៗរបស់ក្រុមហ៊ុនជាច្រើនជុំវិញពិភពលោក។ ក្រុមហ៊ុនដ៏ទំនើបរបស់បារាំង បានផលិតរថយន្តទំនើបតែមួយគ្រឿងនេះប៉ុណ្ណោះ ហើយវាជាការរំឮកដល់ខួបលើកទី១១០ នៃការបង្កើតក្រុមហ៊ុន Bugatti និងជាការយកលំនាំពី Bugatti 57SC Atlantic ដែលធ្លាប់បានផលិតឡើងតែ ៤ ប៉ុណ្ណោះ កំឡុងឆ្នាំ 1936-1938។
លក្ខណៈរបស់រថយន្តស្ព័រពណ៌ខ្មៅរលោងនេះគឺ មានកម្លាំង 1,500 សេះ ស៊ីឡាំង 16 ទំហំចំណុះ 8លីត្រ ដែលត្រូវបានស្រោបដោយសារធាតុកាកសរសៃកាបូន និង និងមានការបាញ់ថ្នាំកូដពីខាងលើមួយតង់ទៀត អមមកជាមួយនឹងសារធាតុផ្សេងៗទៀត ដែលមានតម្លៃថ្លៃ។ ផ្នែកខាងក្នុងក្រាលដោយពូកស្បែកតម្លៃថ្លៃបំផុត មានបំពាក់ប៊ូតុងចុច Auto ទាំងអស់ និងមានបំពាក់ជាមួយអេក្រង់ចុច ប៊ូតុងមុខងារបើកបរជាអាទិ៍។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី ១ នោះទេដែល កីឡាបាល់ទាត់ Cristiano Rolnaldo ប្រើប្រាស់រថយន្តស៊េរីទំនើបបែបនេះ។ ជាក់ស្ដែង កាលពីកន្លងមក លោកធ្លាប់ប្រើប្រាស់រថយន្ត Bugatti Veyron, Lamborghini Aventador, BMW M6, Bentley GT Speed, Aston Martin, Audi R8, The Ferrarisនិង Rolls Royce Phantom៕