(លីវើភូល)៖ កីឡាករខ្សែបម្រើ Naby Keita ត្រូវបង្ខំចិត្តអវត្តមានពីទីលានរហូតដល់ចប់រដូវកាល ដោយសាររងរបួសក្រលៀនដែលបង្កឡើងក្នុងរវាងក្រុម Liverpool ចាញ់ក្រោមថ្វីជើងក្រុម FC Barcelona ក្នុងលទ្ធផល ៣-០ សម្រាប់ជើងទី១ វគ្គ ៤ក្រុមចុងក្រោយនៃពាន Champions League ហើយក៏អាចខកខានការប្រកួតពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations 2019 ទៀតផង។

តាមការចេញផ្សាយដោយគេហទំព័រ Goal កីឡាករខ្សែបម្រើសញ្ជាតិហ្គីណេ Keita លេងបានតែ ២២នាទីក្នុងតង់ទី១ ហើយអាចអវត្តមានការប្រកួតជើងទី២ នៅក្នុងដឹកដីនៃកីឡដ្ឋាន Anfield បន្ទាប់ពីរងរបួសនៅពេលប៉ះទង្គិចជាមួយខ្សែបម្រើ Ivan Rakitic និងត្រូវបានប្ដូរចេញនៅនាទី២៤ ក្នុងតង់ទី១។ ភ្លាមៗនោះដែរ គ្រូបង្វឹក Jurgen Klopp ក៏បានដាក់ជំនួសមកវិញដោយកីឡាករខ្សែបម្រើអង់គ្លេស Jordan Henderson។

គួរបញ្ជាក់ផងថា កីឡាករពាក់អាវលេខ៨ Keita នឹងខកខានប្រកួតនៅ Premier League ដោយ Liverpool ត្រូវប៉ះគូប្រជែង Newcastle United និង Wolverhampton Wanderers និងប្រកួតជើងទី២ នៃ Champions League នឹងធ្វើឡើងនៅថ្ងៃទី៨ ខែឧសភាខាងមុខនេះ៕