(ភ្នំពេញ)៖ ជាការពិតណាស់មួយរយៈមកនេះមានតារាជាច្រើន មិនថាតារាសម្តែង ឬតារាចម្រៀងនោះទេ បានចេញមុខមកត្អូញត្អែរជាបន្តបន្ទាប់ ពីបញ្ហាទីផ្សារសិល្បៈរបស់ខ្លួន ព្រោះទន្ទឹមនឹងមានសមត្ថភាព ទេពកោសល្យសម្តែងឬច្រៀងហើយនោះ ក៏មិនប្រាកដថា មានឱកាសបញ្ចេញស្នាដៃដែរ ព្រោះតែរឿងគ្មានខ្សែខ្នង និងបក្ខពួកដូចតារាមួយចំនួន។ ស្របពេលជាមួយគ្នានេះ ស្រាប់តែមានតារាពន្លកថ្មីម្នាក់ទៀតហើយ ចេញមុខមកត្អូញត្អែរបន្តក្នុងមូលហេតុតែមួយ គឺលោក មាស មុនីរាជ ដោយលើកឡើងថា លោកហាក់បីដូចជាអស់សង្ឃឹម និងបាក់ទឹកចិត្តជាខ្លាំង ចំពោះការងារសិល្បៈរបស់ខ្លួន ព្រោះចប់កម្មវិធីប្រឡង ក៏បាត់មុខតែម្តង ដោយសារគ្មានបក្ខពួក គ្មានអ្នកហៅច្រៀងនឹងគេ។
អតីតបេក្ខភាព «Cambodian Idol» និងម្ចាស់ជយលាភី «The Melody» លោក មាស មុនីរាជ ត្រូវបានមហាជនដឹងថា លោកមានសមត្ថភាព និងទឹកដមសំឡេងល្អគួរចង់ស្តាប់ ព្រមទាំងបានខិតខំព្យាយាម ក្នុងសិល្បៈរហូតក្លាយជាម្ចាស់ពាន ក្នុងកម្មវិធី «The Melody» និងជាប់ឆ្នោតដល់វគ្គ Live Show ក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី១ ជាមួយបេក្ខភាពខ្លាំងៗមាន នី រតនា, ម៉ៅ ហាជី, អៀម វន្នី, សៅ ឧត្តម និង សុវត្ថិឌី ធារិកា ជាដើម។ ដោយសំឡេងមហាជនធ្វើឲ្យតារារះថ្មីរូបនេះ រំពឹងល្បីរន្ទឺ តែលទ្ធផលស្ទើរដើរចេញ នៅពេលប្រទះភាពឈឺចាប់ជាច្រើន ដោយសារគ្មានបក្ខពួក។
តារាប្រុស មាស មុនីរាជ បានឲ្យដឹងកាលពីរាត្រីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ក្នុងពិធីថា «នៅពេលនេះបើនិយាយពីសិល្បៈ លោកដូចតារាថ្មី មិនដឹងពឹងពាក់នរណា។ ទោះបីជាប់ពានឆ្នើម តែក្រោយមក ស្រាប់តែមិនដឹងបែបណា គ្មានការជួយវែកផ្លូវឲ្យដើរដូចគេពេញដៃពេញជើង បណ្តាលឲ្យទីផ្សារសិល្បៈនៅមួយកន្លែងបែបនេះ។ យ៉ាងណាមិញ លោកយល់ថា វិថីមួយនេះ មិនងាយដើរទៅមុខងាយៗនោះទេ ទោះជាម្ចាស់ពានអ្វីក៏ដោយ បើមិនត្រូវចិត្តត្រូវថ្លើមគេ បានន័យថាគ្មានបក្ខពួកនោះ គឺកុំសង្ឃឹមល្បីឲ្យសោះ»។
មាស មុនីរាជ ដែលចេះទាំងនិពន្ធបទចម្រៀងទៀតនោះ បានពោលថា ខ្លួនអស់សង្ឃឹម និងឆ្អែតជាមួយការងារសិល្បៈនេះខ្លាំងណាស់ រហូតបើនិយាយពីចិត្តវិញសល់ ២០ទៅ៣០% លែងចង់ប្រឡូកហើយ ទើបមានឱកាសល្អងាកមកពង្រឹងមុខរបរថ្មី រកស៊ីលក់ទិញឡាន និងដីធ្លីតាមមិត្តភក្តិណែនាំគិតថាល្អ អាចប្រសើរជាងសិល្បៈ។ ធ្វើម៉េចនិស្ស័យ ប្រហែលជាហុងស៊ុយមិនទាន់ល្បី ឬឱកាសមិនទាន់ដល់ក៏អាចថាបាន។
តាមរយៈការបង្ហាញអារម្មណ៍ពិតពេលនេះ គេរំពឹងថានឹងមានបណ្តាស្ថានីយទូរទស្សន៍ និងកម្មវិធីសិល្បៈល្បីៗនានា ជួយលើកស្ទួយតារាដែលមានទេពកោសល្យ និងសមត្ថភាពឲ្យមានឱកាសបញ្ចេញស្នាដៃ ដូចលោក មាស មុនីរាជ ជាដើម ព្រោះលោកមិនត្រឹមតែអាចច្រៀងបានយ៉ាងពីរោះនោះទេ ថែមទាំងអាចនិពន្ធបទចម្រៀងបានទៀតផង៕