(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ណាហ្គាវើល បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Hanoi FC ក្នុងលទ្ធផល ៥-១ នៃវគ្គសន្សំពិន្ទុប្រចាំពូល A ពានរង្វាន់លីគលំដាប់ទី២ អាស៊ី AFC Cup 2019 បន្ទាប់ពីពួកគេបាន ចាញ់ ១០-០ ម្តងរួចមកហើយ កាលពីជើងទី១ នៅទឹកដីវៀតណាម។
ការប្រកួតក្នុងជើងទី២ ដែលបានធ្វើឡើងនៅល្ងាចថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ ក្នុងពហុកីឡដ្ឋានជាតិនោះ ក្រុមរបស់លោក មាស ចាន់ណា អាចរកបានតែ ១គ្រាប់ប៉ុណ្ណោះពីការធ្វើបានសម្រេចដោយកីឡាករ នឹម សុវណ្ណារ៉ា នៅនាទី៦៣ ខណៈរបូត២គ្រាប់ចុងវគ្គទី១ និងបន្តរបូត ៣គ្រាប់ទៀតក្នុងរយៈពេល ៤៥នាទីក្នុងវគ្គទី២ ដែលជាលទ្ធផលចាញ់ដូចគ្នានៅទីនេះ ក្រោមថ្វីជើងរបស់សិង្ហបុរី Tampine Rovers តែបានយកឈ្នះក្រុមមីយ៉ាន់ម៉ា Yangon United ២-១ ក្នុងចំណោម ៣ប្រកួតនៅស្តាតអូឡាំពិក។
នេះក៏ជាការបរាជ័យលើកទី៤ ក្នុងចំណោម ៥ប្រកួតក្នុងពូល F និងនៅសល់ ១ប្រកួតបង្រ្គប់កិច្ចប៉ះក្រុមម្ចាស់ផ្ទះ Yangon United ស្របពេល Tampines Rovers FC មាន ១៣ពិន្ទុឈរនៅកំពូលតារាង តាមពីក្រោយដោយ Hanoi FC ដែលមាន ១០ពិន្ទុ និងជ្រើសរើសតែ១ក្រុមមានពិន្ទុខ្ពស់ជាងគេប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ៕