(លីស្បោន)៖ កីឡាករចាំទី Iker Casillas មានបញ្ហាបេះដូងនៅពេលអំឡុងហ្វឹកហាត់ជាមួយមិត្តរួមក្រុមក្នុងក្លឹប FC Porto របស់ព័រទុយហ្គាល់កាលពីថ្ងៃពុធ ដែលត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្លឹប Porto ដែលត្រូវបានដកស្រង់ដោយ BBC បានបញ្ជាក់ថា «Casillas បានទទួលរងផ្នែក បញ្ហាបេះដូងនៅពេលអំឡុងហ្វឹកហាត់កាលពីព្រឹកថ្ងៃពុធ»។
រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះដែរ បញ្ហាជំងឺរបស់កីឡាករវ័យ ៣៧ឆ្នាំ Casillas មានភាពធូរស្បើយច្រើនហើយ និងត្រឡប់មកធម្មតាវិញ តែកំពុងស្ថិតក្នុងការតាមដានបន្តផងដែរនៅក្នុងបន្ទប់ CUF នៃទីក្រុង Porto ប្រទេសព័រទុយហ្គាល់។
អតីតកីឡាករចាំទីដៃទី១ នៃក្លឹប Real Madrid ត្រូវបានផ្លាស់ទៅលេងឲ្យ FC Porto ក្នុងលក្ខខណ្ឌខ្ចីជើងកាលឆ្នាំ២០១៥ បន្ទាប់ជួយក្លឹបមានមូលដ្ឋាននៅទីក្រុង Madrid មួយនេះឈ្នះពាន La Liga បាន ៥ដង និងពាន UEFA Champions League បាន៣ដងផងដែរ ក្រៅពីជួយអេស្ប៉ាញឈ្នះជើងឯក World Cup 2010 និងជួយឲ្យក្រុមនៅអឺរ៉ុបមួយនេះឈ្នះពានរង្វាន់ UEFA Euro បាន២សម័យកាលជាប់គ្នាក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១២៕